បន្ទាយមានជ័យ៖ ស្ត្រីជនជាប់ឃុំចំនួន៧៧នាក់បានទទួលអំណោយក្នុងថ្ងៃ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបទី១១០ នាថ្ងៃទី ២ ខែមិនា ឆ្នាំ ២០២៣នេះ ក្នុងសាលប្រជុំ ពន្ធនាគារ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីសំណេះសំណាលនិងផ្ដល់អំណោយនេះមានការចូលរួម ឯកឧត្ដម ខេងស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង អ្នកស្រីជ័យណារី លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ អ្នកស្រី ម៉េងហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត និងអ្នកមុខអ្នកការជាច្រើននាក់ទៀត។
លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានមានប្រសាសន៍ថា ជនជាប់ឃុំក្នុងពន្ធនាគារសរុបជាក់ ស្តែងមានចំនួន១.៥១៣នាក់ ស្រីមានចំនួន៧៨នាក់ ក្នុងនោះមាន អនិតិជន ចំនួន១៩៥នាក់ ស្រី៥នាក់ ជនបរទេស មាន៥៩នាក់ ស្រី១០នាក់ ។ជនជាតិថៃមាន៤៨នាក់ ស្រី៨នាក់ ជនជាតិវៀតណាមមាន៤នាក់ស្រី២នាក់ ជនជាតិឥណ្ឌូនេស៊ីមាន ២នាក់ ជនជាតិចិនមាន៣នាក់ ជនជាតិឡាវមាន១នាក់ជនជាតិបង់ក្លាដេសមាន១នាក់ ជនពិការមាន ២៥នាក់ ចាស់ជរាមាន១១នាក់ ស្រី១នាក់។ក្នុងនោះមានជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ទណ្ឌិត ចាប់ចូលថ្មី និងបទល្មើសគ្រឿងញៀនជាដើម។
លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានមានប្រសាសន៍បន្តទៀតថា៖ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា មានការអប់រំកែប្រែស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ ក្នុងនោះមានការងារកសិកម្មការ អភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ផងដែរ។ក្រៅពីនេះអង្គភាពពន្ធនាគារមានប៉ុស្តិ៍សុខភាពមួយខ្នង ផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ ។
អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយ កំណែទម្រង់ គឺការអប់រំកែប្រែនិងស្ដារនីតិសម្បទា ដល់ជនជាប់ឃុំ ដែលមានការអប់រំផ្លូវចិត្ត រៀនអក្សរសាស្ត្រខ្មែរថ្នាក់ទី ១ និងថ្នាក់ទី ២ចំណុចសំខាន់របស់ អង្គភាពពន្ធនាគារ បានយកចិត្តទុកដាក់ធ្វើការបែងចែក ចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតស្របតាមនីតិវិធី។
អង្គភាពពន្ធនាគារមានរោងជាងបណ្ដុះបណ្ដាលចំនួនពីរខ្នងដែលមានសកម្មភាពដូចជា រៀនកាត់ដេ រៀនកាត់សក់ រៀនចាក់សំណាញ់ និងបរិក្ខាត្រជាក់ អគ្គិសនី។ល។
លោកស្រីម៉េង ហួយបានមានប្រសាសន៍ថា ថ្ងៃ៨មីនា ជា ទិវាសិទ្ធិនារីអន្តរជាតិ គឺជាព្រឹត្តិការណ៍សកលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។
ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំប្រារព្វ ទិវាអន្តរជាតិនារី ៨មីនានេះ ដើម្បីរំលឹកពីការតស៊ូការទាមទារ សិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជា វិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូបផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រីបានមានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការនិងប្រជាពលរដ្ឋបាននាំគ្នាប្រារព្វឡើងដើម្បីជាម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកអភិវឌ្ឍចំណេះដឹង ជំនាញ និងបច្ចេកទេសនិងដើម្បី រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រនិងភាពងាយរងគ្រោះ ក្នុងន័យសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ៕ដោយ៖ឃិន គន្ធា







































