(ខេត្តកែប)៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងមានការអញ្ចេីញចូលរួម ពីឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្ដមទេសរដ្ឋមន្រ្តី ឯកឧត្ដមសំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈភិបាលខេត្តកែប ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិកក្រមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រមាណជាង៣០០នាក់។
មានមតិស្វាគមន៍ និងរាយការណ៍ពីលទ្ធផលនៃអង្គសន្និបាត នាឱកាសនោះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងដោយកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ច
តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងការចូលរួម អនុវត្តយ៉ាងសកម្ម ពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន តាមរយៈការបន្តស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ បានធ្វើអោយ ខេត្តកែប នៅឆ្នាំ២០២២កន្លងមកនេះ មានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយរក្សបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បទល្មើស ល្បែងសុីសង គ្រឿងញៀន និងពង្រឹង ការងារផ្តល់សេវាសាធារណៈជូនប្រជាលរដ្ឋបានល្អប្រសើរ ។
ឯកឧត្តមបន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងបន្តអនុវត្តនូវគម្រោងនានាជាច្រើន ដូចជាការកែលម្អរសោភណភាពខេត្ត ការចាក់ពង្រីកឆ្នេរថ្មី២៧០០ម៉ែត្រ ការចាក់ខ្សាច់ពង្រីកឆ្នេរស្រីស ការកែលម្អរឆ្នេរអង្កោល ការកសាងផ្លូវប្របមាត់សមុទ្រ ការដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ការស្តារជួសជុលហេដ្ឋារចនាសម្ព័ន្ធជាដើម។
មានប្រសាសន៍បិតអង្គសន្និបាតនាឱកាសនោះ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រង ឆ្លើយតបនូវវិបត្តិ និងបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា ក្នុងការស្តារផលប៉ះពាល់ មកលើសេដ្ឋកិច្ច សង្គម និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលបណ្តាមកពី វិបត្តិនៃការឆ្លងជាសកលជំងឺកូវីដ-១៩ ការប្រែប្រួលអកាសធាតុ ដែលបង្ករអោយមានគ្រោះទឹកទំនន់ គ្រោះរាំងស្ងួត និងវិបត្តិនានាច្រើនជាទៀត ដែលធ្វើអោយសេដ្ឋកិច្ចមានការស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស ក្នុងអត្រា ៥.២% នៅឆ្នាំ២០២២ និងអាចស្ទុះដល់ ៥.៦% ក្នុងឆ្នាំ២០២៣ ។
ក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលដែល រដ្ឋបាលខេត្តកែប សម្រេចបានក្នុងឆ្នាំ២០២២ កន្លងមកនេះពិតជាលទ្ធផលដែលកើតចេញពីការខិតខំ ប្រឹងប្រែងពីគ្រប់វិស័យទាំងអស់។ ឯកឧត្តម បានស្នើអោយរដ្ឋបាលខេត្ត ត្រូវពង្រឹងបន្ថែមទៀត ទៅលើរបៀបរបបការងារ ការទំនាក់ទំនង សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិសេស ខិតខំកសាង សមត្ថភាពទាំងអង្គភាព-ស្ថាប័ន និងធនធានមនុស្ស ដើម្បីសម្រេចឱ្យបាននូវបេសកកម្មចម្បងៗ របស់ខ្លួន ក្នុងការបម្រើកិច្ចការសាធារណៈ ការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍតាមមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន៕ សេង ណារិទ្ធ











































