ខេត្តកំពត៖ ព្រះពុទ្ធបដិមាមួយព្រះអង្គ ដែលមានព្រះភ្នែនកម្ពស់ ១០៨ម៉ែត្រ នឹងលេចចេញជារូបរាង ក្រោយពេលរដ្ឋបាលខេត្តកំពត និងស្ថាបត្យករខ្មែរ បានរួមចិត្ត រួមគំនិតគ្នាសាងសង់ និងខៃចម្លាក់ទៅតាមរចនាប័ទ្មខ្មែរសុទ្ធសាធ ។
អង្គព្រះពុទ្ធបដិមា ដ៏ធំជាងគេនៅកម្ពុជា និងខ្ពស់ជាងគេនៅលើពិភពលោក មួយព្រះអង្គនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅថ្ងៃ១៣មករា២០២៣នេះតទៅ ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៣០លានដុល្លារ និងប្រើរយៈពេល ៤ឆ្នាំ នៅក្នុងការសាងសង់ នៅលើកំពូលភ្នំបូកគោ ក្នុងតំបន់វាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត ។
រូបសំណាកព្រះអង្គ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័ន ជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនា ក្នុងរជ្ជកាលព្រះបាទ ជ័យវ័រ្មនទី ៧ នាសតវត្សរ៍ទី ១៣។
«ព្រះពុទ្ធបដិមាមាននីវ៉ូដីកម្ពស់៩៦២ម៉ែត្រពីផ្ទៃសមុទ្រ សាងសង់ពីបេតុងអារម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើតមានកម្ពស់ ១០៨ ម៉ែត្រ ពីនីវ៉ូសូន្យ នៃខឿនផ្ទាល់ដី ដល់កំពូលព្រះមោលី តំណាងឱ្យមង្គលទាំង ១០៨ របស់ព្រះអង្គ»។
រីឯការសាងសង់រូបសំណាកព្រះពុទ្ធបដិមាមួយព្រះអង្គនេះ ត្រូវគេដឹងថា ដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ សម្រាប់ជាទីសក្ការៈបូជា និងដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែល្អផូរផង់ ពេញដោយការគោរព ប្រណិប័តន៍ព្រះធម៌ ក្នុងនាមប្រជាជាតិខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ និងក៏ដើម្បីឆក់យកអារម្មណ៍ ទាញយកបេះដូងអ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាកំសាន្ត ខេត្តកំពត កាន់តែមានចំនួនទ្វេរដង និងសម្រាប់ពុទ្ធសាសនិកជន ប្រណិប្រណិប័តន៍ព្រះធម៌ ឧទ្ទិស បួងសួងសុំសេចក្តីសុខចម្រើន រុងរឿង ផងដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានថ្លែងថា ការសាងសង់ព្រះពុទ្ធបដិមាដ៏ធំនាពេលនេះ គឺពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យរឹងមាំ និងការទាក់ទាញភ្ញៀវទេសចរ ផ្នែកពុទ្ធសាសនា មកកាន់ខេត្តកំពត កាន់តែមានចំនួនកើនឡើង ដែលសក្តិសមហៅថា «ឋានសួគ៌បូកគោ»។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានថ្លែង ចាត់ទុកការសាង់សង់ព្រះពុទ្ធបដិមាដ៏ធំមួយអង្គ ដែលមានកម្ពស់រហូតដល់ទៅ ១០៨ម៉ែត្រ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ខេត្តកំពត ក្នុងការរួមចំណែកលើកកម្ពស់ការប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីមួយថែមទៀត ។ លោកថា អង្គនឹងគង់ប្រថាប់នៅជាសម្បត្ដិវប្បធម៌ សាសនាជាតិខ្មែរ តជំនាន់សម្រាប់ជាទីសក្ការៈដ៏ថ្លៃថ្លា ឧត្តុង្គឧត្ដមបំផុតរបស់ពុទ្ធសាសនិកជន និងដើម្បីសេចក្ដីសុខ សន្តិភាព សេចក្ដីចម្រើន រុងរឿងរបស់កម្ពុជា ។
រូបសំណាកព្រះពុទ្ធបដិមាធំ និងមានកម្ពស់ខ្ពស់ ជាងគេនៅកម្ពុជា និងជាពុទ្ធបដិមា ដ៏ធំមួយ នៅលើពិភពលោក បានសាងសង់រួចរាល់ នៅទីនេះនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយសម្រាប់កម្ពុជា និងសម្រាប់ពិភពលោក។
គួរបញ្ជាក់ថា ភ្នំបូកគោ ស្ថិតនៅចម្ងាយប្រហែល ៤២ គីឡូម៉ែត្រ ភាគខាងលិច នៃទីរួមខេត្តកំពត និង ១៨០ គីឡូម៉ែត្រ ភាគនិរតី នៃរាជធានីភ្នំពេញ។ រីឯការសាងសង់រូបសំណាក ព្រះពុទ្ធបដិមា ដ៏ធំនៅទីនោះ គឺទុកជាទីសក្ការៈបូជា សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាឧទ្ទិសនូវសេចក្តីសុខ ចម្រើន រុងរឿង និងសុខសន្តិភាព ជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋខ្មែរ ។
ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការរួមចំណែក ទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកាន់ខេត្តកំពត កាន់តែមានចំនួនច្រើន និងផ្តល់ប្រភពចំណូលយ៉ាងច្រើនពីភ្ញៀវទេសចរនៅក្នុងតំបន់នោះ។
ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ទាំងក្នុងវិស័យ ទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ និងប្រវត្តិសាស្ត្រ។ល។ ដែលស្ថិតក្នុងតំបន់ការពារធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន ខណៈរមណីយដ្ឋាន ដ៏ពិសិដ្ឋមួយនេះ គឺជាទីទស្សនា ដ៏ចំណាស់ជាងគេមួយ នៅប្រទេសកម្ពុជា ។ បច្ចុប្បន្ន ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនាច្រើនជាហូរហែរ មុនពេលមានវិបត្តិកូវីដ-១៩។ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»ក៏បានក្លាយជាផ្នែកមួយ នៃឧទ្យានបេតិកភណ្ឌអាស៊ាន តែមួយគត់នៅប្រទេសកម្ពុជា ដែលមានភស្តុតាងប្រវត្តិសាស្ត្រមួយចំនួន តាំងពីសម័យអាណានិគមនិយមបារាំង ដែលបានបន្សល់ទុកពី អតីតព្រះរាជឧទ្យានមួយនេះ៕ប្រភពហ្វេសប៊ុក







































