សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យទន្លេលើកទី៧ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ

0

ដោយ៖ឡុង សំបូរ  ខេត្តកំពង់ធំ៖ តាមការគ្រោងទុក និងប្រសិនបើគ្មានការប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នឹងត្រូវប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨មីនា ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បណ្ឌិត ថោង ខុន បានថ្លែងថា ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។
លោកបណ្ឌិត ថោង ខុន បានបន្តថា បុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ បានធ្វើឡើងក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេស ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍ សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ហើយប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍ ទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត ថែមទៀតផង។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តទៀតថា ខេត្តកំពង់ធំស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជាខេត្តជង្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានីឦសានបុរៈ នាសតវត្សរ៍ទី៧ ក្នុងសម័យចេនឡា និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។
លោកថា នៅក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ ក៏មានការតាំងពិព័រណ៍សមិទ្ធផលមហោស្រព ម្ហូប អាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបប្រមាណ ៣០០ស្តង់។
រីឯការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយ ក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាព នៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត តាមរយៈទីផ្សារទេសចរណ៍។
ក្រៅពីនេះ ក៏មានការសម្តែងទស្សនីយភាព សិល្បៈចម្រុះបុរាណ-សម័យ ដែលមានការ ចូលរួមពី សិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡា ដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះ នឹងបង្ហាញ អំពីការចូលរួមអបអរសាទរ ដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង។
លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការអន្តរក្រសួង រៀបចំពិធីបុណ្យទន្លេនេះឡើង គឺមានគោលបំណង បំផុសចលនាមហាជន ឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេ ។
បុណ្យទន្លេនៅខេត្តកំពង់ធំ ក្នុងរយៈពេល ២ថ្ងៃនេះ ខេត្តទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ ដែលបានចូលរួមទស្សនា ក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ។ បុណ្យទន្លេនៅថ្ងៃទី៧ មានប្រជាពលរដ្ឋចូលរួមប្រមាណ ១ម៉ឺន ៨ពាន់ ៥០០នាក់ និងនៅថ្ងៃទី៨ នេះ មានប្រជាពលរដ្ឋចូលរួមប្រមាណ ៣៨ម៉ឺន ៥ពាន់នាក់ ដែលធ្វើឲ្យអ្នកចូលរួម មានការកើនឡើងសរុប ៤០ម៉ឺន ៣ពាន់ ៥០០នាក់»។ នេះបើតាមការបញ្ជាក់ ពីលោក សេង អាន ប្រធានមន្ទីរទេសចរខេត្តកំពង់ធំ។

សូមជម្រាបថា នេះជាលើកទី៧ហើយ ដែលពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើង គឺលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង និងលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ៕