កំពង់ឆ្នាំង ៖ផ្លូវលេខ ៥០C ដែលមានប្រវែង៥៨គីឡូម៉ែត្រ និងស្ពានឆ្លងទន្លេតភ្ជាប់ពីខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៤នេះបើតាមការបញ្ជាក់ ពី ឯកឧត្តមទេសរដ្ឋ
មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការនិងដឹកជញ្ជូននៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានពេលអញ្ជើញ ចុះពិនិត្យមើលទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្ម នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យដឹងថាកាលពីឆ្នាំ២០១៩ នៅក្នុងពិធីបុណ្យទន្លេ
ខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ម្តងហើយ ក្នុងការសិក្សាគម្រោងស្ពាននេះ កុំឲ្យប៉ះពាល់បរិស្ថាន បន្ទាប់មកក្រុមហ៊ុន សាវ៉ាក់ ខុនស៊ុលថិន
ក្រោយមកបានសិក្សាលម្អិតពីស្ថាប័នជំនាញ មានទាំងក្រសួងបរិស្ថាន ព្រមទាំងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងនោះ លិខិតគោរពស្នើសុំមួយ ត្រូវបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចតេជោ ក៏បានឯកភាព ហើយគម្រោងសាងសង់ ផ្លូវលេខ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា ផ្លូវលេខ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា ។ ដែលទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺចំនួន២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក ។ផ្លូវលេខ៥០សេនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ផ្លូវនេះដែរ ក៏មានលូប្រមាណ ១០០លូ និងស្ពាន ៥ឯណោះ ដែលមិនប៉ះពាល់ការចល័តរបស់មច្ឆជាតិនោះទេ ។
បើតាមឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ទីតាំងនេះត្រូវបានសិក្សាច្បាស់លាស់ហើយ គឺមិនមានផលប៉ះពាល់ ដល់មុខងារប្រព័ន្ធអេកូឡូស៉ីទន្លេសាបធ្ងន់ធ្ងរនោះទេ ៕







































