ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ អញ្ជើញសម្ពោធស្នាក់ការគណបក្សឃុំសំព្រោជ ស្រុកស្ទោង

0

ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ធំ អញ្ជើញសម្ពោធស្នាក់ការគណបក្សឃុំសំព្រោជ ស្រុកស្ទោង

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រែយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ធំ និងសហការីបាន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំព្រោជ  ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រែយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលសម្ពោធដាក់ឲ្យប្រើប្រាស់គឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំសំព្រោជ ដែលអាចកើតឡើងបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលថ្ឋាន។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ជា ចាន់តូ ក៏បានលើកឡើងផងដែរថា ក្នុងនាមយើងប្រជាជាពលរដ្ឋខ្មែរដែលធ្លាប់មានប្រវត្តិប្រទេស គឺត្រូវតែមានការដឹងគុណ  តបស្នងសងគុណ ចំពោះបុព្វការរីជនឬអ្នកដែលបានជួយរំដោះយើងរស់រានមានជីវិត រស់នៅក្នុងសុខសន្តិភាព សម្បូរសប្បាយ មានវិបុលភាព ដែលជាអារ្យធម៌ដ៏ប្រសើរបំផុត សម្រាប់មនុស្សជាតិថ្លៃថ្នូរ។

លើសពីនេះក៏បានឯកឧត្តមបណ្ឌិត ជា ចាន់តូ ណែនាំដល់គណបក្ស​ប្រជាជនកម្ពុជាគ្រប់មូលដ្ឋានត្រូវ ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន កសាងសមាជិក សមាជិការធនធានមនុស្ស របស់គណបក្ស ជាពិសេសចលនាយុវជនបន្តវេនប្រកបសីលធម៌ ចរិយាធម៌ និងមានសក្តានុពល ថែមទាំងកៀរគរឲ្យមានការចូលរួមពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈផងដែរ។

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ជា ចាន់ តូ បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមរក្សាសុខសន្តិភាពគ្រប់មធ្យោបាយឲ្យបានស្ថិតស្ថេរ
កំកល់ជាអាទិភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាមន្ត្រីឈានមុខ មន្ត្រីល្អបន្តវេន គុណធម៌ និងចរិយាធម៌
មិនត្រូវបំពានផលប្រយោជន៌អ្នកដទៃដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ ជាពិសេសដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នាតជាសកលដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា អគារស្នាក់ការគណបក្ស ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ ធ្វើអំពីថ្ម ប្រក់ក្បឿង និងមានទំហំ១០ម៉ែត្រ×១២ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវខៀវ ស៊ីណា ផ្ទាល់។