(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងស្ទឹងសែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនាខាងមុខនេះ ជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិកាលមេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ផងដែរថា ស្ពានបេតុងឆ្លងស្ទឹងសែនដែលបានសាងសង់រួចរាល់ជាស្ថាពរនាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង៨.៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹម បណ្ដោយ ១២,២ម៉ែត្រ, សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពានចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន១.៣ម៉ែត្រ(បូកទាំងឃឿន)។
ស្ពាននេះ ជាចំណុចតភ្ជាប់រវាងភូមិ កាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងការដឹកជញ្ជូនផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន។











































