(កំពង់ធំ)÷ នារាត្រីថ្ងៃទី១០ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបិទបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ(ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត)ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
ពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេ គឺធ្វើឡើងនារាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ភាពសប្បាយ រីករាយរយៈពេល ០៣ថ្ងៃនេះ គឺបានមកដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។
ដោយឡែកសម្រាប់ខេត្តកំពង់ធំ ក្រោមម្លប់នៃសុខសន្តិភាពនេះ ជាពិសេសក្រោមការណែនាំ និងចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលតែងតែបានគាំទ្រទាំងគំនិត ស្មារតី ថវិកា និងសម្ភារៈ ធ្វើឲ្យខេត្តកំពង់ធំមានការរីកចម្រើនកាន់តែឆាប់រហ័ស។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកចូលរួមក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រកបទៅដោយភាពសប្បាយរីករាយ ម្យ៉ាងដោយសារជាព្រិត្តិការណ៍ធំក្រោយកូវីដ-១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគាត់មានការរំភើបជាខ្លាំងដែលនេះជាលើកដំបូងហើយដែលខេត្តកំពង់ធំ មានការរៀបចំព្រឹត្តិការណ៍ធំបែបនេះ។
ដូច្នេះការតុបតែងភ្លើងពណ៌ លម្អហេដ្ឋារចនាសម្ព័ន្ធ ការតុបតែងលម្អទីក្រុង ស្ថាប័ននានា មិនត្រឹមតែនៅក្នុង ក្រុងស្ទឹងសែនតែប៉ុណ្ណោះទេ តាមបណ្តាស្រុកទាំងអស់ គឺបានធ្វើការនែនាំ ដល់ប្រជាពលរដ្ឋ ក្នុងភូមិឃុំ ឱ្យបានជូនជ្រាបអំពីស្មារតីនៃបុណ្យទន្លេរនេះ តាមរយ:ការអបអរ ការតុបតែង ការសម្អាតភូមិដ្ឋានផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តថា សមិទ្ធផលទាំងអស់នេះគឺបានរំលិចអំពីការពិតជាក់ស្ដែង ដែលក្រោមម្លប់នៃសន្តិភាពការអភិវឌ្ឍ បានកើតចេញជាសមិទ្ធផលផលិតផលជាច្រើន របស់ប្រជាពលរដ្ឋ សហគមន៍ សហគ្រាសធុនធំ និងមធ្យម ចលនាភូមិមួយផលិតផលមួយ។
ហើយពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលយើងជាច្រើន មានគុណភាព សោភ័ណភាព និងការរចនាគឺអាចប្រកួតប្រជែងទីផ្សារបាន ទាំងក្នុងនិងក្រៅប្រទេស បង្កើននូវចំណូលរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំឲ្យមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ពិធីដាំដើមឈើអនុស្សាវរីយ៍ សិក្ខាសាលាពង្រឹងគុណភាពអាជីវកម្ម សេវាកម្ម មហោស្រព ម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិពរណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ការប្រកួតកីឡាប៉េតង់ កីឡាប្រដាល់ កីឡាបាល់ទាត់ បាល់ទះលើឆ្នេរខ្សាច់ កីឡារត់ប្រណាំង ការប្រគុំតន្រ្តី និងការសំដែលសិល្បៈ ដោយក្នុងរយៈពេល ០៣ថ្ងៃ (ចាប់ពីថ្ងៃទី៧ដល់ទី៩ខែមីនា) អាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តប្រមាណជាង៨០មុឺននាក់ ហើយឈានចូលដល់រាត្រីថ្ងៃទី១០ខែមីនា ភ្ញៀវទេសចរណ៍នឹងមានការកើនឡើងយ៉ាងច្រើន កុះករបន្ថែមទៀត។








































