អគារទីចាត់ការថ្មីនៅសាលាបឋមសិក្សានាងកេតផ្ដើមសាងសង់ជាចំណងដៃអភិបាលខេត្តជូនអនុស្សាវរីយ៍អ្នកគ្រូជាម្តាយបង្កើត

0

បន្ទាយមានជ័យ៖. អាគារទីចាត់ការថ្មីនៅសាលាបឋមសិក្សានាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ផ្ដើមសាងសង់ជាចំណងដៃរបស់អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ជូនជាអនុស្សាវរីយ៍អ្នកគ្រូ ជាម្តាយបង្កើតដែលជាអតីតះគ្រូបង្រៀននៅទីនោះ។

អញ្ជើញពិនិត្យ វាយតម្លៃការដ្ឋាន និងល្បឿននៃការសាងសង់អគារទីចាត់ការសាលាបឋមសិក្សានាងកេត កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២៣ រួមក៍មានវត្តមានលោកថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្ត លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ។

អគារទីចាត់ការថ្មីនេះ កសាងអគារទីចាត់ការតូច១ខ្នងទំហំ៤មគុណ៦ម ធ្វើពីបេតុងប្រកក្បឿង នៅសាលាបឋមសិក្សានាងកេតនាភូមិនាងកេតឃុំឬស្សីក្រោកស្រុកមង្គលបូរី នេះ ។ ហើយសំណង់នេះជាអំណោយក្នុងនាមអ្នកគ្រូនូ ម៉ាឡា ជាម្តាយបង្កើតរបស់ ឯកឧត្ដមអភិបាលខេត្តដើម្បីរំលឹកអនុស្សាវរីយ៍ដែលអ្នកគ្រូធ្លាប់បង្រៀននៅសាលានេះ ហើយក៏មានស្រុកកំណើតនិងលំនៅឋានសព្វថ្ងៃនៅជាប់របងសាលាទីនោះ ផងដែរ ។

ឯកឧត្ដម អ៊ុំ រាត្រី មានមនោសញ្ចេតនានិងនឹករលឹកអ្នកម្តាយលោកដ៏ជ្រាលជ្រៅ ហើយក៏ស្រឡាញ់រាប់អានជាពន្លឹកចំពោះគណ:គ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ចនិងពលរដ្ឋនៅមូលដ្ឋានក្នុងស្រុកកំណើតនេះ ។

អ្នកគ្រូឈឹម ស្រីមុំ នាយិការសាលាបឋមសិក្សានាងកេតប្រាប់ថ្ងៃទី១១ខែមីនាឆ្នាំ២០២៣ថា: អ្នកគ្រូនូ ម៉ាឡា ជាម្តាយបង្កើតរបស់លោកអុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាគ្រូបង្រៀននៅសាលាបឋមសិក្សានេះ ប៉ុន្តែបានចូលនិវត្តន៍ជាច្រើនឆ្នាំមកហើយ ។ គាត់ជាគ្រូ ជាម្តាយទី២ដ៏ល្អម្នាក់ដែលបានផ្ទេរចំណេះដឹងអោយកុមារ។

អ្នកគ្រូឈឹម ស្រីមុំបន្តថា : សាលានេះមានអគារសិក្សាពីបេតុង២ខ្នង ស្មើនឹង៨បន្ទប់ដែលជាអំណោយរបស់រាជរដ្ឋាភិបាលនិងអង្គការកុមារមេគង្គ។ ក៏មានសមិទ្ធផលនានាជាអំណោយរបស់រដ្ឋនិងរបស់ដៃគូអភិវឌ្ឍន៍ផងដែរ ដូចជាបន្ទប់ទឹក ឡាបូលាងដៃ ឡូដុតសម្រាម ដងទង់ជាតិ របង ដើមឈើជាដើម។
ក្នុងនោះមានមត្តេយ្យសិក្សាចម្រុះ១ថ្នាក់.មានសិស្ស៣១នាក់និងថ្នាក់ទី១ដល់ទី៦ចំនួន៦ថ្នាក់ មានសិស្ស១៥៤នាក់និងបង្រៀនដោយគ្រូចំនួន៩នាក់ ។

ចំពោះ ទីចាត់ការក៏ធ្លាប់មានដែរតែជាអគារឈើចាស់ទ្រុឌទ្រោម ពុកផុយ ហើយប្រើប្រាសលែងកើត។ហេតុនេះ ទើបអ្នកគ្រូ ជាម្តាយរបស់លោកអភិបាលខេត្តនិងលោកបានសម្រេចជួយកសាងអគារទីចាត់ការថ្មីធ្វើពីបេតុងប្រក់ក្បឿង ដែលកំពុងជីកគ្រឹះនេះឡើង ៕ដោយ៖ឃិន គន្ធា