តាកែវ៖ នារសៀលថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ
បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅតារាងបាល់ទះផ្ទះគ្រូបង្រៀន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ។ដែលពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត
និងលោកស្រី ប៉ែន រតនរំចង់ ព្រមទាំង លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមអគ្កានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាល ក្រុង ស្រុក និងលោកអធិការដ្ឋាននគរបាលក្រុង ស្រុក ជាច្រើនកុះករ។
ថ្លែងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដែលបានរៀបចំការប្រកួតកីឡានេះឡើង ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនអ្នកស្នេហាកីឡាបាល់ទះនេះ។
ឯកឧត្តមអភិបាលខេត្ត បាន លើកឡើងថា ការរៀបចំនៅព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនេះ គឺធ្វើឡើងក្នុងគោលបំណងចង់ជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជាវិស័យកីឡាបាល់ទះនៅតាមបណ្តាខេត្ត អោយកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡាដើម្បីសុខភាពមិត្តភាព និងការសាម្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន ខណៈដែលប្រទេសកម្ពុជាយើងកំពុងមានការរីកចម្រើនខ្លាំង ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅក្នុងឆ្នាំ២០២៣នេះផងដែរ ។
សូមជម្រាបជូនដែរថា ក្រុមកីឡាករ ដែលបានចូលរួមប្រកួតចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៣នេះ មានសរុប ១២ក្រុម រីឯក្រុមកីឡាករដែលទទួលបានជ័យលាភីលេខ១ បានទៅក្រុមកីឡាបាល់ទះ នៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទទួលពានរង្វាន់មួយ មេដៃមាស និងថវិកាលើកទឹកចិត្ត ៤.០០០.០០០រៀល, ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាបាល់ទះ ធានាគារ ABA សាខាខេត្តតាកែវ ទទួលបានមេដៃប្រាក់ និងថវិកាលើកទឹកចិត្ត ២.៥០០.០០០រៀល,
ជ័យលាភីលេខ៣ បានទៅលើក្រុមកីឡាបាល់ទះ សាលាក្រុងដូនកែវ ទទួលបានមេដៃសំរិទ្ធ និងថវិកាលើកទឹកចិត្ត ១.៥០០.០០០រៀល និងជ័យលាភីលេខ៤ បានទៅលើក្រុមកីឡាបាល់ទះ នៃអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនផងដែរ។
ដើម្បីចូលរួមអបអរសាទរនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានលើកទឹកចិត្តដល់ក្រុមកីឡាករដោយចំណាត់ថ្នាក់លេខ១ ទឹកប្រាក់
២.០០០.០០០រៀល, ចំណាត់ថ្នាក់លេខ២ ទឹកប្រាក់ ១.៥០០.០០០រៀល, ចំណាត់ថ្នាក់លេខ៣ ទឹកប្រាក់ ១.០០០.០០០រៀល និងចំណាត់ថ្នាក់លេខ៤ ទឹកប្រាក់ ៥០០.០០០រៀល និងគណៈកម្មាធិការបច្ចេកទេស ថវិកា ៥០០.០០០រៀលផងដែរ៕










































