ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ២៦៤D
មួយខ្សែដែលមានប្រវែង ២.៣០០ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ដែលត្រូវឆ្លងកាត់បីភូមិគឺភូមិបន្ទាយស្ទោង និងភូមិស្រោមដែក ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង និងភូមិបុស្សតាសោម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីអំពីផែនការស្ថាបនាផ្លូវមួយខ្សែ ដែលជាប្រភេទផ្លូវក្រាលក្រៅស៊ូDBST មានប្រវែង២.៣០០ម៉ែត្រ ឆ្លងកាត់៣ភូមិគឺភូមិបន្ទាយ ស្ទោង និងភូមិស្រោមដែក ស្ថិតក្នុងឃុំបន្ទាយស្ទោង ឆ្ពោះទៅកាន់ភូមិបុស្សតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកន្លងមកផ្លូវនេះមានការខូចខាតយ៉ាងខ្លាំងលំបាកដល់ការធ្វើដំណើររបស់ប្រជាជនពិសេសក្នុងរដូវវស្សា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងនិងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលបានសម្រេចអនុញ្ញាតឲ្យស្ថាបនាផ្លូវខេត្តលេខ ២៦៤D ក្រាលកៅស៊ូ ប្រភេទDBST
ប្រវែង២.៣០០ម៉ែត្រមួយខ្សែទៀត នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដ៏មានសារៈសំខាន់នេះ ដែលត្រូវតភ្ជាប់ទៅកាន់ឃុំ រុងរឿង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែង អំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានសហ ការយ៉ាងល្អក្នុង ការបង្កលក្ខណៈងាយស្រួល ជួយ ដោះស្រាយនូវរាល់ផលប៉ះពាល់នៃការ ពង្រីកផ្លូវថ្មីឲ្យមានភាពធំទូលាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមមេត្តាជួយថែរក្សាកុំឱ្យខូចខាត ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ព្រមជាមួយនោះ ត្រូវគោរពច្បាប់ ចរាចរណ៍ មិនត្រូវបើកបរលើសស្បឿនកំណត់ ដែលនាំឲ្យមានគ្រោះថ្នាក់របួសពិការឬបាត់បង់ជីវិតឡើយ ។
បន្ទាប់មក ឧត្តមសេនីយ៍ទោ សោម ស៊ុននិងគណៈអធិបតី បានបញ្ជាគ្រឿងចក្រជានិមិត្តរូប ដើម្បីចាប់ ផ្ដើមដំណើរការបើកការដ្ឋានស្ថាបនាផ្លូចាប់ពីពេលនេះតទៅ សម្រាប់ជូនដល់ប្រជាជនក្នុងការធ្វើដំណើរឆ្លងកាត់ប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាពក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍ ។







































