វិទ្យាស្ថានជាតិឣធិការកិច្ច ទទួលសិក្ខាកាមមកពីក្រសួង-ស្ថាប័ន ចំនួន១៦  បន្តវគ្គបណ្តុះបណ្តាលវិស័យឣធិការកិច្ច

0

ភ្នំពេញ: ឯ.ឧ ណុប ចាន់ណារិន្ទ ឣ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ )បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៣ ខែមីនា ថា វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទ រ ព ឣ  បានចាប់ផ្តើមបន្តបើកវគ្គបណ្តុះបណ្តាលបឋមវិស័យឣធិការកិច្ច ជំនាន់ទី៥ លើកទី២ វគ្គទី១ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចំនួន៤៨នាក់ ក្នុងនោះមាន១៦ក្រសួង-ស្ថាប័ន  បានមកចូលរួម ។

ឣ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា: វគ្គបណ្តុះបណ្តាលនេះមានរយ:ពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែមីនា ដោយបានធ្វើឡើងក្រោមឣធិបតីភាពឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី ។

ឯ.ឧ សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិឣធិការកិច្ច នៃក្រសួងទ រ ព ឣ បានឲ្យដឹងថា វគ្គសិក្សាបានផ្តោតលើប្រធានបទចំនួន ៧ រូមមាន:  ទស្សនៈទូទៅ នៃការងារអធិការកិច្ច ប្រព័ន្ធច្បាប់ ការប្រៀបធៀបស្ថាប័នអធិការកិច្ច៤នៅអាស៊ី គណនេយ្យ-ហិរញ្ញវត្ថុ ស្ថាប័នអធិការកិច្ច និងមន្រ្តីអធិការកិច្ច ផែនការ ការធ្វើកំណត់ហតុ និងរបាយការណ៍ និងវិធីសាស្រ្តអធិការកិច្ច។ ប្រធានបទទាំងនេះ គឺជាប្រធានបទដែលបានកំណត់ក្នុងកម្មវិធីបណ្តុះបណ្តាល  ដែលត្រូវបានលោកជំទាវកិត្តសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាកាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ។

តាំងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឯ.ឧ ឆេង សារឿន បានបញ្ជាក់ថា លោកជំទាវ ឧបនាយករដ្ឋមន្ត្រី មានការយកចិត្តទុកដាក់ណាស់លើការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសលើការងារឣធិការកិច្ច ឬការងារត្រួតពិនិត្យ ដែលក្រសួងនេះត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ជធ្វើជាសេនា ឬនិយាយបានថាជាអធិការកិច្ចរបស់រាជរដ្ឋាភិបាល និងមានភារកិច្ចធ្វើលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់  កែលម្អ និងមានវិធានការដើម្បី​ប្រឆាំង​នឹង​អំពើពុក​រលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។
ឯ.ឧ រដ្ឋលេខាធិការប្រចាំការ ឆេង សារឿន បានបន្ថែមថា ដើម្បីឱ្យយើងអាចបំពេញ​​ភារកិច្ច​នេះ​ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ គឺទាមទារឱ្យមន្រ្តីយើងមានចំណេះដឹងច្បាស់ និងជ្រៅជ្រះពីការងារជំនាញ។ ដូច្នេះ ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច គឺពិតជាមានសារៈសំខាន់ ព្រោះវាមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់ជំនាញមួយកម្រិតថែមទៀតដល់មន្រ្តីរាជការអធិការកិច្ច ដើម្បីពួកគាត់យកទៅបំពេញការងារឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព​ ស្របតាមក្រមសីលធ៌មវិជ្ជាជីវៈអធិការកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើននូវការទទួលស្គាល់ពីតម្លៃនៃការងារអធិការកិច្ចពីមជ្ឈដ្ឋាននានា ហើយលទ្ធផល ការងារអធិការកិច្ចគឺជាធាតុចូលមួយក្នុងការរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អនៅកម្ពុជា៕