កំពង់ចាម: ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានកការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានថ្លែងប្រាប់អាជ្ញាធរខេត្តកំពង់ចាម ឱ្យបន្ត ខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យ កសិឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ខេត្តកំពង់ចាមជាខេត្តដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហេតុនេះ រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្ក លក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាព អនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចកកម្ពុជា ដែលផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេចអនុញ្ញាតការវិនិយោគ មិនលើសពី៥លានដុល្លារសហរដ្ឋអាមេរិក ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មថែមទៀតនូវយុទ្ធនាការបង្កើនការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋានកុំឲ្យកំរើកឡើងវិញ ព្រមទាំងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស សំដៅរក្សា សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច បានបន្តអនុវត្តបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ ក្នុងការធានា និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយ ប្រសិទ្ធភាព។ និងខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់
មានសុវត្ថិភាព សំដៅរួមគ្នា រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អនៅក្នុង មូលដ្ឋាន។ ព្រមទាំងអប់រំផ្សព្វផ្សាយអំពីវិធានការនានា រួមមានច្បាប់ ចរាចរណ៍ ផលវិបាកនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀនផងដែរ ៕







































