ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះបានដឹក នាំ កិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម រួមទាំង កិច្ចប្រជុំការងារទេសចរណ៍លើកទី៥១និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មាន ការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងបើកកិច្ចប្រជុំដោយផ្តោត សំខាន់ លើការពង្រឹង និងការលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន(PPP)ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នានិងផ្តល់នូវ បទ ពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ ដោយមានដូចជា៖ ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេស ចរណ៍វ័យឆ្លាត តាមរយៈបច្ចេកវិទ្យា។ ២.គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី។ ៣.ការពង្រឹងមូលធន មនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ហើយយើងត្រូវត្រៀមឱ្យបានរួចរាល់ដូចជា ចែកតួនាទី និងភារ កិច្ចឱ្យបានច្បាស់លាស់សំដៅនាធាដល់សុខសុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជនព្រមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិក្នុងការជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិនិងអន្តរជាតិដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោកមកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រព្រមទាំងជំរុញការផ្សព្វផ្សាយផលិតផលទេសចរណ៍នៅដែនកោះក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះសីហនុផងដែរ ហើយដោយខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន ៣ប្រភេទ ១.កីឡាទូកក្ដោង ២.កីឡាប៉ូតូទឹក និងទី៣.បាល់ទះឆ្នេរខ្សាច់ ដោយក្នុងនោះយើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទីភារកិច្ចការធ្វើជាម្ចាស់ផ្ទះ និងពិនិត្យទីតាំង នៃការប្រកួតឱ្យបានសមស្រប ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយចែករំលែក និងការចូលរួមគាំទ្រឱ្យបានពេញលេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីប្រែក្លាយជាសកម្មភាពដែលជាមោទនភាពរបស់ខេត្តយើងទាំងអស់គ្នា។
ជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក៏ជា រឿង មួយសំខាន់ក្នុងការទទួលខុសត្រូវ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាន នៅតាមមូលដ្ឋាន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែលម្អសោភណ្ឌភាព នៅតាមមុខផ្ទះ ហើយយើងត្រូវចាប់យកឱកាសបង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នកលក់ដូរត្រូវដាក់ស្លាក តម្លៃ ព្រមទាំងលើកទឹកចិត្តអ្នកដែលបានចូលរួមតាមការណែនាំរបស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ពិធី បុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេមនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើកាណែនាំឱ្យសាលាក្រុង មន្ទីរទេសចរណ៍ និងបរិស្ថានគ្រប់គ្រងតាមបណ្តោយឆ្នេរឱ្យមានភាពស្រស់ស្អាត ប្រកបដោយសោភណ្ឌភាព បរិស្ថានកាន់តែល្អ ដើម្បីត្រៀមរៀបចំបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងរៀបចំស៊ីហ្គេមនៅខេត្តព្រះសីហនុនាពេលខាងមុខនេះ៕
នាគសមុទ្រ