កំពង់ធំ)÷នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាពត្រូវចាត់តាំងអនុវត្ត ឱ្យទទួលបានជោគជ័យតាមផែនការដែលថ្នាក់លើបានប្រគល់ជូន ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ជាកិច្ចចាប់ផ្ដើម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ បានប្រកាសអបអរសាទរយ៉ាងស្មោះស្ម័គ្រជាទីបំផុត
ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ ដំឡើងឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ នៃកងយោធពលខេមរៈភូមិន្ទ ។
នៅក្នុងឱកាសនេះផងដែរ នាយទាហាន នាយទាហានរងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីការមានមតិពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងឯកភាព និងស្ថាប័នចំណុះ ដែលត្រូវអនុវត្តមានជាអាទិ៍:
ទីមួយ រៀបចំផែនការកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំងពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កំសាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។ ទីពីរ រៀបចំបែងចែកកម្លាំង ប្រចាំការ ប្រចាំបញ្ជា និងត្រៀមចល័តអន្តរាគមន៍ ទាន់ពេលវេលាតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងករណីដែលមានយថាហេតុកើតឡើង ។
ជាមួយនោះដែរត្រូវបែងចែកកងកម្លាំង ដើម្បីចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសាររបស់គាត់ផងដែរ ។ ទីបី រៀបចំពិធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម និងសូត្រមន្តរាប់បាត្រ បង្សុកូល នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅក្នុងអង្គភាព ដោយចាត់តាំងឲ្យមានការលេងល្បែង របាំប្រជាប្រិយ បង្កលក្ខណៈសប្បាយរីករាយ ជូនយោធិន និងក្រុមគ្រួសារ ក្រោមដំបូលសុខសន្តិភាពនិងការអភិវឌ្ឍ។







































