ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ទទួលបានកាដូរថ្មី ពីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ផ្លូវបេតុងជិត២.០០០ម៉ែត្

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក សាយ  គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅអមសងខាងផ្លូវ ចាប់ពីចំណុចផ្សារដើមខ្នុរ ភូមិលាបទង រហូតដល់ភូមិកំពង់ចិន ក្នុងភូមិសាស្ត្រឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងការត្រៀមសាងសង់ផ្លូវបេតុងថ្មីប្រវែងជិត០២គីឡូម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍សាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានេះលោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋនៅអមសងខាងផ្លូវក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួម សហការជាមួយ រដ្ឋបាលស្រុកស្ទោងក្នុងការបើកដំណើរការក៏ដូចជាពង្រីកកសាងផ្លូវបេតុងមួយខ្សែនេះដែលនឹងចាប់ដំណើរការស្ថាបនានៅចុងសប្តាហ៍នេះ។

លើសពីនេះ ប្រជាពលរដ្ឋ គ្រប់គេហដ្ឋាន ដែលរស់នៅនិងអាស្រ័យផលនៅអមសខាងផ្លូវនេះ មានការស្វាគមន៍និងសាទរក្រៃលែង ជាមួយសមិទ្ធផលថ្មីដ៏ត្រចះត្រចង់ជិត២.០០០ម៉ែត្រនេះដែលពួកគាត់បានទន្ទឹងរង់ចាំជាយូមកហើយ។ ទាំងនេះសឲ្យឃើញពីកិច្ច សហការនិងការយកចិត្តទុកដាក់ចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសលោកអភិបាលស្រុកស្ទោងដែលប្រជាពលរដ្ឋគោរពស្រឡាញ់នូវការដឹកនាំដ៏ល្អរបស់គាត់។

លើសពីនេះទៀតលោកអភិបាលស្រុកស្ទោង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់គេហដ្ឋានដែលរស់នៅសង្ខាងផ្លូវនេះសូមចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឲ្យបានស្អាតល្អ និងមិនត្រូវបោះសម្រាមចោលក្នុងលូរំដោះទឹកឡើយដើម្បីធានាបាននូវសោភ័ណភាពនិងគុណភាព។

ចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោង។ ជាពិសេសការអភិវឌ្ឍនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងស្រុកស្ទោងដូចបានឃើញរាល់ថ្ងៃគឺជាសមិទ្ធផលដ៏ស្អេកស្កះ និងក្រោមម្លប់សន្តិភាព។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលថ្មីនេះមានប្រវែង ១.៧០០ម៉ែត្រ ទទឹង០៦ម៉ែត្រ ជើងទេម្ខាង០១ម៉ែត្រ និងលូប្រអប់ម្ខាង០២ម៉ែត្រ ដែលជាអំណោយរបស់គម្រោងអភិវឌ្ឍន៍សាងសង់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។