ប្រជាពលរដ្ឋនៅស្រុកតាំងគោក ខិតខំដាំដំណាំដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក

0

ឨ(កំពង់ធំ)÷ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជាពោត ត្រប់ ត្រសក់ ត្រឡាច ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។

ដោយការយកចិត្តទុកដាក់ពីលោក ហាក់ ម៉ុងហួតអភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខនិងពិនិត្យមើលផលដំណាំរបស់បងប្អូនប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងការចុះសួរសុខទុក្ខនេះ​ លោក ហាក់ ម៉ុងហួត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះនូវបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ។

លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែខាងលើ ត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើគីមីនោះឡើយ។ ម្យ៉ាងវិញទៀត បើសិនជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មស្រុក ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះដែរលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។ លើសពីនេះ មន្រ្តីជំនាញ ត្រូវតែចងក្រងប្រជាពលរដ្ឋជាសហគមន៍ ងាយស្រួលក្នុងការបង្ហាត់បង្រៀនពីវិធីដាំដុះ ថែទាំ និងតាមស្តង់ដាទីផ្សារ ទើបបន្លែបង្កាទាំងនោះមានការគាំទ្រច្រើនពីអតិថិជន។ សូមបងប្អូនប្រពលរដ្ឋទាំងអស់ មេត្តាជួយគាំទ្របន្លែបង្កាដែលផលិតក្នុងស្រុក ព្រោះជាបន្លែធម្មជាតិ គ្មានសារធាតុគីមី មិនប៉ះពាល់ដល់សុខភាពនោះទេ។

ចំណែកប្រជាកសិករ រីករាយសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណបំផុតពេលដែលឃើញថ្នាក់ដឹកនាំស្រុក តែងតែចុះសួរសុខទុក្ខ​ រហូតដល់កន្លែងដាំដុះបែប​នេះ។