ខេត្តកំពង់ធំ. នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បានចុះត្រួតពិនិត្យការងារបង្កបង្កើនផលនិងការចិញ្ចឹមសត្វនៅផ្នែកសឹករងក្រុងស្ទឹងសែន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន ដែលត្រូវបានថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់តាំងជាជាថ្មីម្តងទៀតជាប្រធានផែនប្រឡងប្រណាំងរបស់ផ្នែកសឹករងក្រុង.ស្រុកទាំង៩ នៅក្នុងឆ្នាំ 2023
នេះ បានមានប្រសាសន៍ថា ក្រៅពីភារកិច្ចត្រៀមកម្លាំងចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ការហ្វឹកហ្វឺនរៀនសូត្រ និងការសហការការពារសន្តិសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋានអង្គភាពបានដំណើរការចិញ្ចឹមសត្វ មានសត្វមាន់ និងទាជាងចំនួន១០០ក្បាល ស្រះចិញ្ចឹមត្រីមានចំនួន២ស្រះ មានត្រីជាង៥ម៉ឺនក្បាល សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃនៅក្នុងអង្គភាព និងសត្វគោចំនួន២៥ក្បាល
សម្រាប់ត្រៀមចែកជូនដល់យោធិន ដែលត្រូវចូលនិវត្តន៍យកទៅចិញ្ចឹមនៅតាមមូលដ្ឋានរៀងៗខ្លួន ដោយក្នុងម្នាក់ៗទទួលបានមេគោពូជចំនួន០១ក្បាល និងក្រៅពីនោះទៀត អង្គភាពសម្រាប់លក់ដូរដោះស្រាយការងារផ្សេងៗ នៅក្នុងអង្គភាពផងដែរ។
លោកវរសេនីយ៍ទោសៀង ហុកឃាន់បានបញ្ជាក់បន្ថែមទៀតថា ចំពោះការងារដាំដុះ ដំណាំ បន្លែបង្ការ អង្គភាពបានដាំផ្លាស់ប្ដូរមុខដំណាំបន្លែជាប្រចាំនៅតាមរងដំណាំនីមួយៗ មានត្រកួន ស្ពៃ ឆៃថាវ តាំងអោ សណ្តែកគួ និងជីគ្រប់មុខ សម្រាប់ហូបចុកប្រចាំថ្ងៃនៅក្នុងរោងបាយរបស់អង្គភាពនឹងបានផ្ដល់ជូនដល់ក្រុមគ្រួសារនៅខាងក្រោយសម្រាប់ហូបចុកផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមផែនការប្រឡងប្រណាំងទាំង៥ខ្លឹមសាររបស់យោធភូមិភាគទី៤ដែលបានដាក់ចេញ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកងកំពង់ធំ បានបែងចែកផែនប្រលងប្រណាំង ពីអង្គភាពមួយទៅអង្គភាពមួយ ដើម្បីប្រកួតប្រជែងគ្នាដណ្ដើមយកស្នាដៃក្នុងចលនាប្រឡងប្រណាំង ដែលយោធភូមិភាគបានដាក់ចេញ។
នៅក្នុងឱកាសត្រួតពិនិត្យនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះអង្គភាពផ្នែកសឹករងក្រុងស្ទឹងសែន ដែលបានអនុវត្តបានយ៉ាងល្អប្រសើរក្នុងចលនាប្រឡងប្រណាំងទាំង៥ខ្លឹមសារ ពិសេសចលនាប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរបស់កងទ័ពបានយ៉ាងល្អប្រសើរ ដោយអង្គភាពមានផ្ទះហូបបាយ និងមានអាហារហូបចុកគ្រប់គ្រាន់សម្រាប់កងទ័ព ជាមួយនោះដែរ អង្គភាពបានអនុវត្តល្អក្នុងការគ្រប់គ្រងកងទ័ពប្រចាំការនៅក្នុងអង្គភាព និងការកសាងកែលម្អសោភ័ណភាពទីតាំងបន្ទាយបានល្អយ៉ាងប្រសើរ ផងដែរ។







































