(ខេត្តកែប)៖ បើយោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកែប បានអោយដឹងថា ទោះជាបែបណាការលក់ដូរគ្រឿងសមុទ្រ និងទំនិញផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានខេត្តកែប ហាក់ពុំមានភាពប្រែប្រួល គឺនៅតម្លៃ ហាងឆេងធម្មតាដូចពេលមុនដដែល។
លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នេះថា បច្ចុប្បន្នក្រោមការដឹកនាំដោយយកចិត្តទុកដាក់ខ្ពស់ពីប្រមុខដឹកនាំខេត្តកែប បានធ្វើអោយខេត្តកែបមានការរីកចម្រើន ប្រកបដោយភាពទាក់ទាញ ពិសេសកំណើនទេសចរក្នុងស្រុង-ក្រៅស្រុក។
ជាមួយគ្នានេះអ្នកទេសចរក៏មិនភ្លេចការបរិភោគចំណីអាហារដែលមានឱជារសនៅក្នុងតំបន់ទេសចរណ៍ ពិសេសអាហារប្រភេទគ្រឿងសមុទ្រ រួមមាន៖មឹកស្រស់ បង្គារស្រស់ ក្តាមសេះ ក្តាមថ្ម ឬត្រីសមុទ្រ គ្រប់ប្រភេទជាដើម។
លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ចំពោះតម្លៃគ្រឿងសមុទ្រ ក្នុងសប្តាហ៍នេះ បង្គារស្រស់លេខ ក្នុង១គីឡូក្រាម តម្លៃ៥ម៉ឺនរៀល ឬអាចបញ្ចុះតម្លៃតិចតួចជាងនេះ។ចណែកមឹកស្រស់លេខ១ ក្នុង១គីឡូក្រាមមានតម្លៃទូទៅ ៤ម៉ឺនរៀល, រីឯ ក្តាមសេះ លេខ១ ក្នុងមួយគីឡូក្រាម តម្លៃ៦ម៉ឺុនរៀល។ដោយឡែក ចំពោះតម្លៃហាងឆេងរាល់មុខទំនិញផ្សេងទៀត ក៏ពុំមានតម្លៃប្រែប្រួលជាងសប្តាហ៍មុនៗនោះដែរ៕ សេង ណារិទ្ធ








































