(ព្រះវិហារ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សមិទ្ធផលនានា ដែលសាងសង់អស់ថវិកាចំនួន ២៣ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ក្នុងវត្តឦសានគីរីសាមគ្គីមានជ័យ (ហៅវត្តប្រយទ្ធ) ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបម្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានជម្រាបជូនប្រជាពលរដ្ឋ ពីការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីកត្តាសុខសន្តិភាព ពេញផ្ទៃប្រទេស ។
ឯកឧត្តម មាស សុភា បន្តថា មកដល់សព្វថ្ងៃវិស័យពុទ្ធចក្រ និងអាណាចក្រ មានការអភិវឌ្ឍរីកចម្រើនខ្លាំង ដែលនេះផ្តើមចេញពីកត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកដឹកនាំ ។
នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃ និងជូនចំពោះមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលមានព្រះវត្តមាន និងវត្តមានចូលរួមក្នុងពិធីបញ្ចុះខ័ណ្ឌសីមាក្នុងវត្តប្រយុទ្ធនៅពេលនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងកោតដល់ព្រះសង្ឃ លោកគ្រូចៅអធិការ គណៈកម្មការវត្ត ដែលបានរៀបចំនូវផែនការ សាងសង់ គម្រោងសាងសង់ និងរកថវិកាដើម្បីសាងសង់ហើយក៏មានការគាំទ្រពីលោកគ្រូមេគុណខេត្ត អាជ្ញាធរដែនដី និងការចូលរួមពីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយផងដែរ ។
ឯកឧត្តម មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងអំពាវនាវប្រជាពលរដ្ឋ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀតគ្រប់វិស័យ ពិសេសត្រូវចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចូលរួមបច្ច័យសម្រាប់កសាងនូវទឹកប្រាក់ចំនួន ៣២,៥០០,០០០លានរៀលផងដែរ ៕ សួនលីណា










































