កំពង់ចាម: : ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយស្រុកកងមាស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ថ្លែងយ៉ាងដូច្នេះក្នុងពិធីបញ្ចុះបថមសិលាសាងសង់មណ្ឌលសុខភាពថ្មី ស្ថិតក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យគម្លាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ និងទីក្រុងកាន់តែខិតជិតគ្នា និងនាំឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចខ្ពស់ ជាក់ស្ដែងភាពរីកចម្រើន និងមានសន្តិសុខល្អ បានផ្ដល់ឱ្យអាជ្ញាធរមានលទ្ធភាពក្នុងការស្តារ និងកសាង ទទួលបានសមិទ្ធផលថ្មីៗជាច្រើន ដូចជាប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ ស្រោចស្រពតូច ធំ បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត សាលារៀន និងវត្តអារ៉ាមជាដើម ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងមូលដ្ឋានស្រុក បានធ្វើការប្រែក្លាយ ហេដ្ឋារចនាសម្ព័ន្ធជនបទ ពីផ្លូវដី ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ ពីស្ពានឈើ ទៅជាស្ពានដែក និងស្ពានបេតុង ហេីយថ្ងៃនេះទៀត យើងក៏ទទួលបានសមិទ្ធផលថ្មីបន្ថែមទៀត គឺអគារមណ្ឌលសុខភាព ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងសុខាភិបាល ។
បើតាមលោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឱ្យដឹងថា សម្រាប់ថ្ងៃនេះគឺជាការចាប់ផ្តើម ដែលអជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំព្រែកក្របៅ ទទួលបានមណ្ឌល សុខភាពថ្មី នៅពេលខាងមុខ ជំនួសឱ្យអគារមណ្ឌលសុខភាពចាស់ ដែលមានសភាពទ្រុឌទ្រោម ហើយទីតាំងចាក់ដីសាងសង់មណ្ឌលសុខភាពនេះ មានទំហំ៣០ម៉ែត្រ គុណនឹង៦០ម៉ែត្រ ស្ថិតក្នុងស្ថានភាពគ្រលុកជម្រៅ៥ម៉ែត្រ ដោយប្រើប្រាស់អាចម៍ដី និងកំទេចថ្មភ្នំ ចំនួន ១៥៣៦ឡាន ដោយប្រើប្រាស់អស់ថវិកាសរុបចំនួន ៦៥,០២០,០០០រៀល ។
លោកអភិបាលស្រុកកងមាស បានបញ្ជាក់ថា ថវិកាចាក់អាចម៍ដីបំពេញទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាពនេះ គឺបានមកពីការជួយគាំទ្ររបស់ក្រុមការងារថ្នាក់ជាតិ អាជ្ញាធរស្រុក ការិយាល័យសុខាភិបាលស្រុក អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សប្បុរសជនក្នុង និងក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅតាមការអំពាវនាវ របស់អាជ្ញាធរឃុំ ។
- ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមឧបត្ថម្ភជាថវិកាដល់អាជ្ញាធរឃុំព្រែកក្របៅ ដែលនៅខ្វះកំពុងជំពាក់ក្រុមហ៊ុនដឹកដី ចំនួន១៤លានរៀល ហើយឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ក្នុងឃុំព្រែកក្របៅ ព្រមទាំងបានប្រគល់សម្ភារៈ (កាតាប ប៊ិច និងសៀវភៅ) ជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូផងដែរ ៕











































