ក្មេងសិស្សសាលានាំគ្នាលេងទឹក ធ្លាក់ចូលអន្លង់ជ្រៅលង់ទឹកស្លាប់2នាក់
ខេត្តកំពង់ធំ. ក្មេងជំទង់សិស្សសាលាពីរនាក់លង់ទឹកស្ទឹងស្លាប់ករណីក្មេងលង់ទឹកស្លាប់ចំនួន០២នាក់ បានធ្វើឲ្យមានការផ្អើលឆោរឡោមួយកើតឡើងកាលពីវេលាម៉ោង១៧និង ៤០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រហូតដល់ម៉ោង១១និង៣០ នាទីថ្ងៃទី២៧ ខែមីនា ទើបរកសពឃើញស្ថិតនៅក្នុងទឹកស្ទឹងជីនិត ត្រង់ចំនុចអន្លង់តាស្រ៊ែន ក្នុងភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ចំងាយប្រហែល៤០០០ម៉ែត្រពីផ្ទះជនរងគ្រោះ ។
សាកសពជនរងគ្រោះទី១-សពឈ្មោះ សាខន ស៊ូកា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ: (សិស្សថ្នាក់ទី៧) រស់នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក និងទី២-សពឈ្មោះ លី ស្រីលែន ភេទស្រី អាយុ១៤ឆ្នាំ (សិស្សថ្នាក់ទី៨) រស់នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក។
សមត្ថកិច្ចប្រាប់ថា!បន្ទាប់ពីទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ ឆុំ សារ៉ាត់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ផភូមិបន្ទាយោមរាជមក កម្លាំងអធិការ ស្រុកបានសហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ប្រាសាទ គ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋាន បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ទើបដឹងថា!
មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់និងមិត្តភ័ក្តមានប្រុសមានស្រីបានបបួលគ្នាទៅដុតមាន់នាំគ្នាហូបក្រោមដេីមអំពិលនៅមាត់ស្ទឹងជីនិតនិងលេងទឹកតាមឆ្នេរខ្សាច់ ពេលកំពុងលេងទឹកឈ្មោះ សាខន ស៊ូកា និងឈ្មោះ លី ស្រីលែន ប្រឡែងគ្នាធ្លាក់ក្នុងអន្លង់តាស្រ៊ែនទឹកជំរៅប្រហែល៤ម៉ែត្រក៏លិចបាត់ទាំងពីរនាក់បាត់ទៅ។ 
យោងតាមការបំភ្លឺពីឈ្មោះ ងែត សាខន ភេទប្រុសអាយុ ៤៥ឆ្នាំត្រូវជាឪពុកបង្កើតសព ឈ្មោះ សាខន ស៊ូកា និងឈ្មោះ ចន សាលីម ភេទប្រុស អាយុ៤៣ឆ្នាំត្រូវជាឪពុកបង្កេីតសពឈ្មោះ លី ស្រីលែន ប្រាប់ថា: នៅព្រឹកថ្ងៃទី២៦ ខែមីនា ២០២៣ ពួកគាត់ទាំងពីរនាក់បាននាំទៅរត់ឡានទៅកាន់ខេត្តសៀមរាបជារៀងរាល់ថ្ងៃ ចំណែកកូនទាំងពីរនៅផ្ទះទៅរៀនជារៀងរាល់ថ្ងៃដែរ លុះដល់
ម៉ោង១៨និង១០នាទីយប់ ពេលពួកគាត់បេីកឡានត្រលប់មកដល់ផ្ទះវិញ ឃេីញមានមនុស្សនៅមុខផ្ទះជាច្រើន ពេលនោះគាត់ឈប់ឡានចុះដេីរចូលទៅផ្ទះ អ្នកនៅទីនោះប្រាប់ថា សាខន ស៊ូកា និងឈ្មោះ លី ស្រីលែន លង់ទឹកស្លាប់ទាំងពីរបាត់ទៅហេីយ។
តាមការបំភ្លឺសាក្សីឈ្មោះ រ៉ុមវ៉ាន់ នីហ្សា ភេទស្រី អាយុ១៣ឆ្នាំ និងឈ្មោះ ហង្ស ពុទ្ធីវុឌី ភេទប្រុស អាយុ១៤ឆ្នាំបានបញ្ជាក់ដូចគ្នាថា នៅថ្ងៃនៅរសៀលថ្ងៃកើតហេតុ ពួកគេមានគ្នាចំនួន៦នាក់ ១.ឈ្មោះ លី ស្រីលែន(សព) ២.ឈ្មោះ សាខន ស៊ូកា(សព) ៣.ឈ្មោះ រ៉ុម រូហ្សា ភេទស្រី អាយុ១០ឆ្នាំ ៤.លី ស្រីលាវ ភេទស្រី អាយុ១៥ឆ្នាំ .៥ រ៉ុម វ៉ាន់ នីហ្សា ភេទស្រី អាយុ១៥ឆ្នាំ ៦. ហង្ស ពុទ្ធីវុឌី ភេទប្រុស ជាសិស្សរៀនសាលាជាមួយគ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបាននាំគ្នាយកមាន់
ទៅដុតចែកគ្នាហូបនិងលេងទឹកតាមឆ្នេរខ្សាច់ ស្រីលែន បានលេងទឹកធ្លាក់អន្លង់ជ្រៅ ភ្លាមនោះ សាខន ស៊ូកា បានទៅជួយ ហើយក៍បានធ្លាក់ចូលអន្លង់ជ្រៅទាំងពីរនាក់ ឃើញដូច្នេះឈ្មោះ ហង្ស ពុទ្ធិវុឌី បានទៅជួយប៉ុន្តែជួយមិនបានព្រោះអ្នកទាំងពីរនាក់បានលិចទឹកបាត់ទៅហើយ បន្ទាប់មកក៍បានទៅប្រាប់អ្នកភូមិឲ្យជួយរកតែរកមិនឃើញ មួយសន្ទុះក្រោយមកទើបរកឃើញជនរងគ្រោះ០១នាក់ឈ្មោះ សាខន ស៊ូកា រហូតដល់វេលាម៉ោង ១១.៣០នាទីឈានចូលថ្ងៃទី២៧ មីនា ២០២៣ ទេីបរកឃេីញជនរងគ្រផះឈ្មោះ លី ស្រីលែន ម្នាក់ទៀត។
ស្ថានភាពកន្លែងកើតហេតុ:នៅក្នុងស្ទឹងជីនិត ចំនុចអន្លង់តាស្រ៊ែន ខាងលិចភូមិចំងាយប្រហែល ៤០០០ម៉ែត្រ ។
តាមការពិនិត្យនៅកន្លែងកើតហេតុយើងពុំបានរកឃើញស្លាកស្នាម ឬវត្ថុតាងអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សាកសពកុមាររងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារយកទៅផ្ទះ ហើយបានផ្លាស់ប្ដូរសំលៀកបំពាក់ថ្មី សពមានហូរឈាមលាយទឹកពណ៌ក្រហមព្រឿងចេញតាមច្រមុះ ក្រៅពីនេះសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ បើតាមការស្រាវជ្រាវ ស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋានសពកុមាររងគ្រោះទាំងពីរនាក់ ស្លាប់ដោយសារលង់ទឹកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ ថុក សុខា







































