៊
(កំពង់ធំ)÷ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣
ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ និងមន្ត្រីការិយាល័យ ដោយមានការចូលរួមកិច្ចសហការពីមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ស្វាយ ដែលទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកស្បែក គោ/ក្របី ជូនកសិករ នៅភូមិព្រៃគុយ(ក)និងភូមិព្រៃគុយ(ខ) ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបាន លើកឡើងពីសារៈប្រយោជន៍ នៃការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកស្បែក គោ/ក្របី នេះផងដែរ ក្រុមការងារសង្កេតឃើញថាប្រជាកសិករមានការយល់ដឹង និងបានចូលរួមយ៉ាងសស្រាក់សស្រាំដោយនាំយកសត្វចិញ្ចឹមរបស់ខ្លួន(គោក្របី)មកចាក់វ៉ាក់សាំងការពារជំងឺនេះ។ ជាលទ្ធផលក្រុមការងារសម្រេចចាក់បានសត្វចំនួនសរុប២០០ក្បាល(គោទាំងអស់)។
ដោយមានការយកចិត្តទុកដាក់ និងមានការថែទាំរបស់បងប្អូនប្រជាពលរដ្ឋដែលចូលចិត្តចិញ្ចឹមគោក្របី ឃើញថាពួកគាត់មានការថែទាំឱ្យស្មៅស៊ីគ្រប់គ្រាន់ ពិសេសគឺចេះសំអាតកន្លែងរស់នៅរបស់សត្វគោក្របី ដើម្បីឲ្យចៀសសផុតពីជំងឺផ្សេងៗ។
គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បានផ្តល់ជូននូវសម្ភារៈបរិក្ខាបសុពេទ្យ ថ្នាំព្យាបាល និងវ៉ាក់សាំងដុំពកស្បែក មួយចំនួនដល់មន្ត្រីកសិកម្មស្រុក និងជាពិសេសភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍បន្ត ជូនកសិករក្នុងមូលដ្ឋានរបស់ពួកគាត់។












































