ខេត្តសៀមរាប. សម្ដេចពិជ័យសនា ទៀ បាញ់ ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣របស់រដ្ឋបាលខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣
នៅសណ្ឋាគារសុខាខេត្តសៀមរាប នៅថ្ងៃទី២៧និង២៨ខែមីនាឆ្នាំ២០២៣ ។អង្គសន្និបាត បានបិទបញ្ចប់ ក្រោមអធិបតី សម្ដេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ។សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ប្រទេសជាតិយើងបានដាក់ចេញនូវការគ្រប់គ្រង ឆ្លើយតបនៃវិបត្តិ បញ្ហាប្រឈមនានា ប្រកបដោយសុខភាព ដើម្បីស្ដារផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីជម្ងឺកូវីដ ១៩ គ្រោះទឹកជំនន់ និង វិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើង ស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន ៧,២% នៅឆ្នាំ២០២២ ។
ជាងនេះទៅទៀត ប្រទេសយើងមានតួនាទី ជាប្រធានអាស៊ាន ដែលបានសម្រេចដោយជោគជ័យ និង ជាប្រវត្តិសាស្ត្រ នៃការរៀបចំ ប្រជុំសភាអាស៊ាន លើកទី ៤០និងទី៤១ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា៖ ទន្ទឹមនិងសមិទ្ធផលខាងលើនេះ យើងក៏បានកត់សម្គាល់ អំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមទាំងកិច្ចការជាច្រើន ដែលត្រូវបន្តខិតខំពុះពារនិងអនុវត្តឲ្យបានល្អជាបន្តទៀត ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និង ឯកភាព តាមរបាយការណ៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានបញ្ជាក់អំពី ខ្លឹមសារសំខាន់ៗ ដែលសន្និបាតយកទៅពិភាក្សា ដោយផ្តោតទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ តុលាការ ការរៀបចំក្រុងសៀមរាប ក្នុងការចូលរួម អនុវត្តគម្រោង ទីក្រុងវៃឆ្លាត និងការងារវឌ្ឍនភាព នៃការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ
តាមទីប្រជុំជន និងក្រុង ស្រុក នៅទូទាំងខេត្តសៀមរាប ។ ល។សម្ដេចពិជ័យសេនា ក៏បានចូលរួម គាំទ្រនិងឯកភាព តាមស្មារតីនៃអង្គសន្និបាតបានលើកឡើង ហើយសម្ដេចបានសង្ឃឹម និងជឿជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលគ្រប់ថ្នាក់ តាំងពីថ្នាក់ ខេត្ត ស្រុក ក្រុង ឃុំសង្កាត់ និង បន្តខិតខំ អនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ដោយច្បាប់ បទដ្ឋានគតិយុត្តិ ដែលរដ្ឋបាលនីមួយៗ មានការទទួលខុសត្រូវ ទៅតាមច្បាប់ជាធរមាន
ហើយក៏ដូចជាចូលរួមគាំទ្រ ដល់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល កម្មវិធីការងាររបស់រដ្ឋបាលខេត្ត ហើយក៏ជឿជាក់លើក្រុមការងារ របស់យើង ក្នុងការគាំទ្របញ្ហានេះ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញនិងណែនាំដល់រដ្ឋបាលខេត្តតកចិត្តទុកដាក់ នូវភារកិច្ចចំពោះមុខ លើការទទួលស្វាគមន៍នូវខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង ប៉ារ៉ាហ្គេម ២០២៣
ព្រមទាំងធ្វើការជម្រុញដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពង្រឹងការ បង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន និង ធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ស្រទាប់យុវវ័យ ។ ម៉្យាងវិញទៀត ត្រូវជមុ្រញនិងណែនាំដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសការបរិច្ឆេទ ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងមូលដ្ឋានខ្លួន ដើមី្បត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ។
ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានបំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារ ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃឆ្នើមលើការងារស្នូលប្រចាំឆ្នាំ២០២២ចំនួន១១៦រូបផងដែរ ៕







































