កំពង់ចាម: គណៈកម្មការសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម-មណ្ឌលគិរី បានរៀបចំធ្វើការបោះឆ្នោត អាណត្តិទី៣ លើកទី១ ដើម្បីជ្រើសរើសសមាជិក មកបំពេញបន្ថែម ចំនួនសមាជិក ដែលផុតអាណត្តិ និងជ្រើសរើសប្រធាន១រូប ដេីម្បីបន្តការដឹកនាំ ។ ដោយការបោះឆ្នោតនេះបានចាប់ផ្ដើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្ដម ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ។
ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឲ្យមានសភាពាណិជ្ជកម្ម ដើម្បី ធ្វើជាតំណាងឲ្យអាជីវករ ក្នុងការស្វែងរកអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្ដាក់ទុន នៅតាមបណ្ដាខេត្តនីមួយៗ ។ ជាក់ស្ដែង ការបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម មណ្ឌលគិរី អាណត្តិទី៣ នាពេលនេះ គឺមានបេក្ខជនជាពាណិជ្ជករ អាជីវករ សេវាករដែលបានចុះឈ្មោះបោះឆ្នោត សរុបចំនួន៤២១នាក់ ក្នុងនោះមានបេក្ខជនឈរឈ្មោះ បោះឆ្នោតមានចំនួន១១រូប ដែលត្រូវជ្រើសរើសយក១០រូប ដេីម្បីបំពេញបន្ថែមសមាជិកឲ្យគ្រប់ចំនួន ១៥រូប ។ ជាមួយនោះ សមាជិកទាំងអស់បានបោះឆ្នោតជ្រើសរើស ប្រធាន ១រូប ដើម្បី បន្តការដឹកនាំផងដែរ ។
ឯកឧត្ដមរដ្ឋលេខាធិកា ក៏បានបញ្ជាក់ដែរថា សភាពាណិជ្ជកម្ម ជាវិស័យឯកជនមួយ ស្ថិតនៅក្នុងច្បាប់ ដែលទទួលស្គាល់ដោយអនុក្រឹត្យពីរាជរដ្ឋាភិបាល ផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់បងប្អូនអាជីវករ ដើម្បី ធ្វើការទំនាក់ទំនង ជាមួយដៃគូវិនិយោគគិន មកវិនិយោគ នៅកម្ពុជា ។ ជាមួយនោះ សភាពាណិជ្ជកម្ម ក៏បានដើរតួយ៉ាងសំខាន់ និងជាអាណាព្យាបាលសម្រាប់បងប្អូនអាជីវកម្ម នៅតាមបណ្ដារាជធានីខេត្ត ក្នុងការធ្វើជំនួញផ្សេងៗ ផងដែរ ។ ដូច្នេះហើយ បានជាក្រសួងពាណិជ្ជកម្ម តែងតែផ្ដល់នូវយន្តការគាំទ្រ សភាពពាណិជ្ជកម្ម នៅតាមបណ្ដារាជធានី ខេត្ត ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា ទាំងកិច្ចការបោះឆ្នោត និងការបណ្ដុះបណ្ដាលបច្ចេកទេ ជាលក្ខណៈអន្តរជាតិ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឡោ ចាន់លី អភិបាលរង ខេត្តកំពង់ចាម បានស្នើដល់សមាជិកសភាទាំងអស់ ត្រូវរៀបចំរចនាសម្ព័ន្ធដឹកនាំ ជាពិសេស ត្រូវមានតំណាងការិយាលល័យ ដើម្បី ងាយស្រួលធ្វើការទំនាក់ទំនងជាមួយ អាជ្ញាធរ និងអាជីវករនៅក្នុងមូលដ្ឋាន ក៏ដូចជា អាជីវករផ្សេងៗទៀត ដែលមានតម្រូវការ ។ ជាមួយនោះអាជ្ញាធរខេត្ត នៅតែបន្តសកម្មភាព ជួយដល់សភាពាណិជ្ជកម្មខេត្តកំពង់ចាម-ខេត្តមណ្ឌលមណ្ឌលគីរី ដើម្បី បន្តបង្កើតនូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឲ្យកាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ នៅខេត្តកំពង់ចាម ។
គួរបញ្ជាក់ផងដែរថា ក្នុងដំណើរការបោះឆ្នោតជ្រើសរេីស សមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ជាលទ្ធផល បានជ្រើសរើសសមាជិកចំនួន ១០រូប ដើម្បី បំពេញបន្ថែមរចនាសម្ព័ន្ធ ជាមួយសមាជិកមិនទាន់ផុតអាណត្តិ ចំនួន៥រូប ។ បន្ទាប់មក សមាជិក សរុបទាំង ១៥រូប ក៏បានបោះឆ្នោតជ្រើសរើសប្រធានដឹកនាំ ១រូប ដោយបានឯកភាពលោកឧកញ៉ា ហួត ឈឿន ធ្វើជាប្រធាន ដើម្បី បន្តដឹកនាំសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ក្នុងអាណត្តិទី ៣នេះ បន្តទៅទៀត ៕