កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រេីនរំលឹកដល់ក្មួយៗយុវជន ឱ្យខិតខំកសាងខ្លួនប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ បញ្ញា សីលធម៌ និងកាយសម្បទា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃការអភិវឌ្ឍធនធានមនុស្ស ក្នុងនោះត្រូវរស់នៅឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនផងដែរ ។
ការថ្លែងបែបនេះក្នុងពិធីបិទការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ « បេះដូងយុវជនឌីជីថលក្នុងយុគសម័យតេជោសន្តិភាព » នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាល័យសម្ដេចជួនណាត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាស់តឿនដល់ក្មួយៗជាយុវជនទាំងអស់ ត្រូវកាន់ខ្ជាប់នូវឥរិយាបថល្អ មានទំនុកចិត្តលើខ្លួនឯង ឧស្សាហ៍ព្យាយាម អំណត់ អត់ធន់ក្នុងការងារ មានសច្ចៈទៀងត្រង់ មានអធ្យាស្រ័យ ចេះជួយយកអាសារគ្នាទៅវិញទៅមក។ ត្រូវគោរពប្រតិបត្តិទៅតាមដំបូន្មានឪពុកម្តាយ ស្តាប់គ្រូពន្យល់ណែនាំ និងឧស្សាហ៍ព្យាយាមធ្វើការសិក្សាស្រាវជ្រាវ ដោយត្រូវបង្កើនការអានពង្រីកចំណេះដឹង ពិសេសត្រូវខិតខំប្រើប្រាស់សមត្ថភាព ផ្ទាល់ខ្លួនក្នុងការប្រឡង ដើម្បីរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរក្នុងនាមជាអ្នកសិក្សា និងជាយុវជនគំរូ ហើយនៅពេលទំនេរកុំភ្លេចលេងកីឡា ចំពោះការលេងកីឡា គឺជាការរួមចំណែក ក្នុងការអភិវឌ្ឍសុខភាព និងបញ្ញាស្មារតី ព្រមទាំងចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ ឱ្យបខ្ជាប់ខ្ជួន។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិ មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តនិរន្តរភាពនៃបុព្វហេតុជាតិនេះ ជារៀងរហូត។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៣ នាពេលនេះ ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសមត្ថភាពយុវជន ដែលមិនអាចខ្វះ បាននៅក្នុងការងារអប់រំ ព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណាដោយ បង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សា ការពារបរិស្ថាន ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាពជាពិសេស ការចូលរួមថែរក្សាសន្តិភាព
និងអភិវឌ្ឍសហគមន៍របស់យុវជន ផងដែរ ៕








































