ឯកឧត្តម ឡុង ផល បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ ឲ្យបានទាន់ពេលវេលា

0

(កំពង់ធំ)÷ ឯកឧត្តម ឡុង ផល អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលាស្រុកស្ទោង។

ជាមួយគ្នានេះឯកឧត្តម ឡុង ផល ក៏បានឲ្យក្រុមការងារត្រូវពង្រឹងការយល់ដឹងសមត្ថភាព ឆន្ទៈ គុណធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវចាប់ពីថ្នាក់ស្រុក ដល់មូលដ្ឋានឃុំ បន្តអប់រំប្រជាពលរដ្ឋឲ្យគាត់យល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍនៃប្រទេសជាតិ និងបន្តយកចិត្តទុកដាក់ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពញុះញង់ធ្វើឲ្យច្របូកច្របល់ដែលជាចលនាបង្កចលាចលបែបបដិវត្តន៍ពណ៌ផ្តួលរំលំព្រះរាជាណាចក្រកម្ពុជា។ ត្រូវបន្តជំរុញការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យមានល្អប្រសើរជាពិសេស នៅទីប្រជុំជន ណែនាំប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។

លើសពីនេះឯកឧត្តម ឡុង ផល បានកោតសសើរខ្ពស់ ដល់ក្រុមការងារ ជាពិសេសរដ្ឋបាលស្រុកស្ទោង ដែលមានភាពម្ចាស់ការក្នុងការដឹកនាំមូលដ្ឋានឲ្យមានការរីកចំរើន ជាមួយនឹងសមិទ្ធផលច្រើនស្អេកស្កះ ដូចជា ថ្នល់កៅស៊ូ ផ្លូវបេតុង សូឡា ក៏ដូចជាសហការជាមួយរាជរដ្ឋាភិបាលកម្ពជា ក្នុងការសម្រួលការកាត់ឆ្វៀលដីនៅតំបន់២ និងតំបន់៣ ជូនប្រជាពលរដ្ឋបានប្រើប្រាស់ អស្រ័យផលឡើងវិញតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម ឡុង ផល បានជំរុញដល់ក្រុមការងារនិងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ទុទិយាតា និងអត្តសញ្ញាណប័ណ្ណដែលបានបាត់បង់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីបំរើសេចក្តីត្រូវការជាក់ស្តែងរបស់គាត់ ជាពិសេសត្រៀមសម្រាប់បោះឆ្នោតសកលនៅពេលខាងមុខនេះ។