កំពង់ចាម: ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» រហូតដល់ខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ សង្កាត់ ក្នុងចលនាប្រឡងប្រណាំងការអនុវត្ត គោលនយោយបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមខ្លួនជាស្រេច ក្នុងការបន្តអនុវត្ត ដោយយកចិត្តទុកដាក់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ សំដៅបន្តការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ឯកឧត្ដមអភិបាលខេត្ត បានបន្តថា កម្លាំងនគរបាល និងសហគមន៍ ត្រូវពង្រឹងបន្ថែមសំដៅជំរុញការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច ដើម្បីលើកកម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ការជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច-ឆក់-ប្លន់ ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោង សកម្មភាពនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅដោយផ្ទាល់ របស់ប្រជាពលរដ្ឋ ជាពិសេសគម្រោងសកម្មភាពផ្នែកសេវាសង្គម គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវនានា។ ហើយត្រូវពង្រឹង សម្របសម្រួល និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននានា ដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព ផងដែរ ៕








































