កំពង់ចាម: ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះសំបែង ចំនួន៥៧គ្រួសារ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានអំណោយសម្តេចតេជោ ហ៊ុន សែន
តាមរយៈឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលពិធីចែកអំណោយនេះត្រូវបានធ្វេីឡើង នៅសាលាស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។
បន្ទាប់ពីពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលបង្កឡើងដោយកត្តាគ្រោះធម្មជាតិនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កេីនការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងខ្យល់ផ្គររន្ទះ ព្រោះមានហានិភ័យខ្ពស់ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ជាពិសេសកូនចៅតូចៗ កុំឲ្យចេញក្រៅផ្ទះ ឬនៅទីវាល ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកថវិកាដែលទទួលបានក្នុងការឧបត្តម្ភនេះ ទៅទិញសម្ភារ ដេីម្បីកសាងលំនៅឋានឡើងវិញ ហើយត្រូវបន្តប្រកបមុខរបរទទួលទាន ឬធ្វើការដាំដុះបង្កបង្កើនផលឡើងវិញផងដែរ ។
គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៧ គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានអង្កចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ តង់១ ។ ដោយឡែក គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ២០០.០០០រៀល និង គ្រួសារដែលរងគ្រោះមធ្យមចំនួន ៥២ គ្រួសារ គឺក្នុង ១គ្រួសារ ទទួលបានថវិកាចំនួន ១០០.០០០រៀល ផងដែរ ។
បេីតាមលោក បាន ស្រេង អភិបាលរង ស្រុកស្ទឹងត្រង់ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ កន្លងទៅនេះ មានភ្លៀងធ្លាក់ លាយខ្យល់យ៉ាងខ្លាំង បណ្តាលឱ្យប្រជាពលរដ្ឋក្នុងភូមិចំនួន ៦ ដែលមាន ៥៧គ្រួសារ ក្នុងនោះ រលំផ្ទះផ្ទះ ៥ខ្នង និងរបើកដំបូល ចំនួន ៥២ខ្នង តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡេីយ ៕









































