(កំពង់ធំ)÷ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣លោក អ៊ុត វណ្ណរីន មេឃុំត្រពាំងឬស្សី លោក ម៉ាក់ សាននី ប្រធានគណនេយ្យ ជាគ្រូបង្រៀននៅអនុវិទ្យាល័យព្រៃព្រាល លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សចំនួន១០០នាក់ បានដំណើរទស្សនកិច្ចសិក្សា របស់សិស្សានុសិស្ស អនុវិទ្យាល័យព្រៃព្រាលចំនួន១០០នាក់
ទៅកាន់សហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សី សារមន្ទីរកេរ្តិ៍ដំណែលវត្ថុបុរាណខ្មែរ សារមន្ទីរខេត្តកំពង់ធំ និងវត្តត្រពាំងព្រលិត ដើម្បីដកស្រង់បទពិសោធន៍ល្អៗជូនសិស្សានុសិស្ស។
លោក ម៉ាក់ សាននី ប្រធានគណនេយ្យ បានលើកឡើងពីគោលបំណងនៃទស្សនកិច្ចសិក្សា ដើម្បីពង្រឹងការសិក្សាបន្ថែមរបស់សិស្សដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្ដីទៅនិងការអនុវត្តជាក់ស្ដែង ស្វែងយល់ពីប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ សាសនា និងប្រពន្ធ័សិក្សាជំនាញ ក្នុងការអនុវត្តការសិក្សារបស់សិស្សានុសិស្សក្នុងសាលារៀននាពេលខាងមុខ។
ការផ្តល់សេវាកម្មក្នុងការបង្កើនសមត្ថភាពការបង្រៀនជំនាញ បំណិនជីវិត សម្រាប់ស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មី និងច្នៃប្រឌិតថ្មី ការអភិវឌ្ឍសមត្ថភាពជំនាញនិងការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង ផ្តល់សេវាផ្នែកបច្ចេកទេស និងជំនាញវិជ្ជាជីវៈដល់សហគមន៍ ព្រមទាំងចូលរួមថែរក្សាការពារនូវ វប្បធម៌ និងបរិស្ថានក្នុងសហគមន៍។
លោក អ៊ុត វណ្ណរីន មេឃុំត្រពាំងឬស្សី បានលើកឡើងថា ចំពោះសហគមន៍ព្រៃឈើឃ្មុំស្រករថ្លុកឬស្សីបានបង្កើតនៅឆ្នាំ១៩៩៩ ដែលមានប្រជាពលរដ្ឋចូលរួម ចំនួន៦៧គ្រួសារលើ៧៥គ្រួសារ ដោយមានសម្របសម្រួលពីអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ខេត្ត កំពង់ធំ នឹងមានការសហការជំនាញរដ្ឋបាលព្រៃឈើកំពង់ធំគាំទ្រដោយអង្គការគ្រិះសាសនាបំរើពិភពលោកបានចុះកិច្ចព្រមព្រៀងនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០០៩ មានផ្ទៃដីចំនួន៦៧៥ហិកតា។
សហគមន៍បានស្នើសុំផ្ទៃដីបន្ថែមចំនួន២៣.២១៥ហិកតានៅឆ្នាំ២០២២ និងបានប្រកាសទទួលស្គាល់ លេខ ៣២៩ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សរុបផ្ទៃដីចំនួន៩០.៧១៥ហិកតា ។
លោក អ៊ុត វណ្ណរីន មេឃុំត្រពាំងឬស្សី ក៏បានផ្ដល់ជាអនុសាសន៍ល្អៗ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់ដែលបានទស្សនកិច្ចសិក្សានេះ សូមខិតខំបំពេញបន្ថែមនៅរាល់ចំណុចខ្វះខាត ដើម្បីយកទៅអនុវត្តនៅតាមសាលារៀនឲ្យបានជោគជ័យ។ ពិសេសត្រូវយកចិត្តទុកដាក់ ស្ដាប់ក្រុមការងារដែលដឹកនាំផ្ទាល់ ទៅតាមធនធានធម្មជាតិ និងតំបន់វប្បធម៌ខ្មែរ ដើម្បីស្គាល់ឱ្យច្បាស់ពីកេរ្តិ៍ដំណែលរបស់ដូនតាយើង ។








































