ក្រុមការងារចុះធ្វើជីវសុវត្ថិភាពលើរថយន្តដឹកជញ្ជូនសត្វគ្រប់ប្រភេទ នៅតាមដងផ្លូវដោយបាញ់ថ្នាំសម្លាប់មេរោគលើរថយន្តបានចំនួន២៣រថយន្ត នៅក្រុងស្ទឹងសែន

0

(កំពង់ធំ)÷ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងក្រុមការងារបានធ្វើសកម្មភាពធ្វើជីវសុវត្ថិភាពលើរថយន្តដឹកជញ្ជូនសត្វគ្រប់ប្រភេទ នៅតាមដងផ្លូវដោយបាញ់ថ្នាំសម្លាប់មេរោគលើរថយន្តបានចំនួន២៣រថយន្ត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានលើកឡើងថា ចំពោះរថយន្តដឹកសត្វគ្រប់ប្រភេទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺផ្សេងៗដល់សត្វនៅក្នុងមូលដ្ឋាន។សម្រាប់រថយន្តដឹកសត្វជ្រូកចំនួន០៤រថយន្ត រថយន្តដឹកសត្វចម្រុះចំនួន០៣រថយន្ត រថយន្តដឹកសត្វទាចំនួន០២រថយន្ត រថយន្តដឹកសត្វមាន់ចំនួន១១រថយន្ត ម្ចាស់យានយន្តដឹកសត្វគ្រប់ប្រភេទមេត្តាផ្សព្វផ្សាយបន្ថែមទៀតដល់រថយន្តដទៃ ដើម្បីការពារជំងឺផ្សេងៗ កុំឲ្យឆ្លងដល់សត្វគ្រប់ប្រភេទ នៅតាមមូលដ្ឋានរបស់បងប្អូនប្រជាកសិករ។

លោក ចាន់ បញ្ញាវ័ន្ត បានអំពាវនាវដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមសត្វគ្រប់ប្រភេទ សូមចូលរួមមកចាក់វ៉ាក់សាំងដើម្បីការពារជំងឺផ្សេងៗ ដែលការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ចុះចាក់វ៉ាក់សាំង តាមស្រុកគោលដៅ។ ក្នុងនោះផងដែរ ជំងឺដែលរីករាលដាលទៅលើសត្វគ្រប់ប្រភេទ មានជំងឺពកលើស្បែក ជំងឺអុជក្តាម ជំងឺសារទឹក និងចូលរួមជួយសំអាតជម្រកដល់សត្វដែលរស់នៅឲ្យមានអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្សេងៗនេះផងដែរ។

គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារ និងបន្តចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមសត្តឃាតដ្ឋាន តាមកន្លែងតាំងលក់ និងកន្លែងចិញ្ចឹមសត្វជូនបងប្អូនប្រជាកសិករបន្ថែមទៀត។