(កំពង់ធំ)÷ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជិន បាជុង អនុ ប្រធាននយោបាយយោធាខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូអញ្ជើញមកសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ពស ២៥៦៦ នឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកវរសេនីយ៍ឯក ជិន បាជុង និងប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ក៏បានរាយការណ៍ជូនភាគីមិត្ត អំពីលទ្ធផលសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសK៧២ របស់ខេត្តប៊ិញភឿក ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅលើភូមិសាស្ត្រខេត្តកំពង់ធំ ហើយបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ បានចំនួន ១.១៥១អដ្ឋិធាតុរួចហើយ។
លោកវរសេនីយ៍ឯក ជិន បាជុង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលបានសហការល្អ បង្កលក្ខណៈងាយស្រួលដល់ក្រុមបច្ចេកទេស K៧២ របស់ខេត្តប៊ិញភឿក ក្នុងការជីករុករកអដ្ឋិធាតុនិងធ្វើមាតុភូមិនិវត្តកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសកំណើតវិញ និងសូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល គ្រប់ ៗក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន ។
នៅក្នុងឱកាសនេះផងដែរ ភាគីទាំងពីរបានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក និងបានសូមជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាពសហប្រតិបត្តិការរវាងកងទ័ពប្រជាជនទាំងពីរ កម្ពុជា វៀតណាម ស្ថិតស្ថេរជានិច្ចនិរន្ត៕











































