ខេត្តស្វាយរៀ៖ព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរនបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងារ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ប្រធានអគ្គារអនុរក្សខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាល នៃគណ:អភិបាលក្រុង/ស្រុកទាំង០៨ លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ
លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែន លោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ សរុបវត្តមាន ២៦៦នាក់ ស្រី ១២នាក់។
មានប្រសាសន៍បើកក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការចូលរួមអបអរសាទរ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងគ្រប់ផ្នែក ដែលបានខិតខំប្រែងប្រែង យកអស់កម្លាំងកាយចិត្ត លះបង់នូវពេលវេលា បំពេញការងារដោយមិនគិតពីការនឿយហត់ អនុវត្តតួនាទីភារកិច្ចប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតីតស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមានជាច្រើន នៅក្នុងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០២២កន្លងទៅ។
ឯកឧត្តមបន្ថែមថា សមិទ្ធផលសំខាន់ៗមួយចំនួន ដែលកងកម្លាំងនគរបាល បានខិតខំរួមគ្នាសម្រេចបាន ក្នុងឆ្នាំកន្លងទៅ បើទោះបីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានបញ្ហាប្រឈមមួយចំនួនលេចឡើងស្មុគស្មាញ ជាពិសេសឧបាយកលទុច្ចរិតរបស់ពួកប្រឆាំង ក្នុងការបំផុសបំផុលចលនាក្នុងចេតនានាំឲ្យមានចលាចលក្នុងសង្គម រួមជាមួយនិងការកើតមានឡើងនូវបទល្មើសផ្សេងៗ ក៏កងកម្លាំងនគរបាលយើង នៅតែសម្រេចបានក្នុងការធានានូវរបៀបរៀបរយ សន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ ។
ឯកឧត្តមបន្តថា តាមរយៈអង្គសន្និបាត ដ៏មានសារៈសំខាន់នៅថ្ងៃនេះ ដោយមានការចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទ គន្លឹះមួយចំនួន ពីសំណាក់កងកម្លាំងពាក់ព័ន្ធផងនោះ នឹងពិតជារួមចំណែកយ៉ាងសំខាន់ធ្វើ ឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅក្នុងខេត្តស្វាយរៀងរបស់យើង និងការអនុវត្តទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសំណាក់កងកម្លាំង នគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមស្នើដល់គ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលទាំងអស់ អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១-នៅពេលខាងនៅមុខ យើងនឹងមានកម្មវិធីបុណ្យ និងព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីសង្ក្រាន្តស្វាយរៀង និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ដូច្នេះសូមឲ្យកងកម្លាំងនគរបាលរបស់យើង ត្រូវរៀបចំឲ្យបានស្រេចបាច់ជាមុននូវផែនការសកម្មភាព និងវិធានការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈនៃព្រឹត្តិការណ៍ទាំងនេះ ឲ្យ បានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ ។
២-សូមចូលរួម បង្កើនការខិតខំយកចិត្តទុក ដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមផែនការ គោលការណ៍ណែនាំ និង លិខិតបទដ្ឋាននានាជាធរមាន ជាពិសេសទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយត្រូវប្រែក្លាយឲ្យទៅជាសកម្មភាពជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព ។
ចុងបញ្ចប់នៃពិធីបេីកសន្និបាតក្នុងឱកាសនោះឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានឧត្តមបានឧបត្ថម្ភដល់កិច្ចប្រជុំនេះនូវថវិកាចំនួន៦,០០០,០០០រៀលផងដែរ៕គឹមសេង







































