(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅសាកសួរសុខទុក្ខយោធិន ដែលមានជំងឺរបួសពិការ បន្តទៅសម្រាកព្យាបាលនៅតាមគេហដ្ឋាន ក្នុងស្រុកកំពង់ស្វាយ និងសំណេះសំណាលសាកសួរសុខទុក្ខជូនពរឆ្នាំថ្មីដល់អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ចំនួន ១៥គ្រួសារ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា លោកពលបាលត្រី ផាត់ សុជា ជាពលទាហាននៅក្នុងអង្គភាពកងវរសេនាតូចលេខ១ ត្រូវបានអង្គភាពចាត់តាំងទៅបំពេញបេសកកម្ម ហើយបានរបួសពិការជើងខាងស្ដាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៦២ នាពេលកន្លងមក ។ បច្ចុប្បន្ននេះ រស់នៅព្យាបាលជំងឺ របួសពិការ ក្រោមការមេីលថែទាំពីម្ដាយដែលមានជីវភាពលំបាកខ្វះខាតយ៉ងខ្លាំងនៅភូមិឥន្ទៈកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការរងគ្រោះថ្នាក់របស់យោធិន រហូតធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មនេះ និងបានផ្តាំផ្ញើដល់ពលបាលត្រី ផាត់ សុជា ត្រូវខឹតខំថែរក្សាសុខភាព កុំអស់សង្ឃឹមក្នុងជីវិត ព្រោះនៅពេលខាងមុខ និងមានការមេីលថែរទាំបន្តពីជីវភាពរសនៅរបស់គណ:កម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាបន្តទទៀត។
នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងមេបញ្ជាការកងវរសេនាតូចលេខ១ បានជួយឧបត្ថម្ភនៅស្បៀងអាហារ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។បន្ទាប់មក នៅព្រឹកថ្ងៃ ខែ ឆ្នាំដដែល ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់បងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដោយសារសង្គ្រាម ចំនួន ១៥គ្រួសារ នៅក្រុងស្ទឹងសែនខេត្តកំពង់ធំ ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារអតីតយុទ្ធជននៅផ្នែកសឹករងក្រុងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានីហ៊ុន ដែលសម្តេចទាំងទ្វេរតែងតែផ្សារភ្ជាប់ពីសុខទុកនិងជីវភាពរស់នៅរបស់អតីតយុទ្ធជនយេីងគ្រប់ពេលវេលា ព្រមជាមួយនេះ គណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជន ផងដែរ៕








































