អភិបាលខេត្តកំពង់ចាម​ សម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នូវអគារ​សិក្សា​ ១ខ្នង នៃអនុវិទ្យាល័យត្រប់ ស្រុកបាធាយ ​ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ជាង​ ៨ម៉ឺន​ដុល្លារ​

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន​អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នូវអគារសិក្សាថ្មី១ខ្នង ចំនួន៥បន្ទប់ នៃអនុវិទ្យាល័យត្រប់ ស្ថិត​ក្នុង​ឃុំត្រប់ ស្រុកបាធាយ ​នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដមអភិបាលខេត្ត​ បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ របស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់កែទម្រង់លើវិស័យអប់រំ ជាពិសេស លើគោលនយោបាយ បង្កើនការកសាងអគារសិក្សា​ឱ្យ​បានច្រើន និងនៅជិតផ្ទះប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅ​ចូល​សិក្សារៀនសូត្រ ។ ជាមួយគ្នា​នោះ​ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​អំពាវនាវ​សូម​ឱ្យ​មាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ជួយជម្រុញ និងលើកទឹកចិត្ត ដល់កូន ចៅរបស់ខ្លួន ឱ្យ​ចូល​រៀន ដូចពាក្យស្លោកថា ៖ «ការបញ្ជូនកូន ឱ្យ​ចូល​រៀន គឺជាការសន្សំទ្រព្យទុក» ហើយ​ឱ្យ​កូនរៀន ឱ្យ​ចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សា ទៅកម្រិតឧត្ដមសិក្សា ដើម្បី ពួកគាត់ មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បី ទទួលបានប្រាក់ខែ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យ​កាន់តែរីកចម្រើន ផងដែរ ។

ឯកឧត្ដម អភិបាលខេត្ត បាន​បញ្ជាក់​ថា​ អគារសិក្សានេះត្រូវចំណាយ ថវិកាអស់ ៨៥,២៧២ ដុល្លាអាមេរិក ដែលជាគំនិតផ្តួចផ្តើមដឹកនាំកសាងដោយព្រះទេព្វានុបាល ផល សុភាព ព្រះធម្ម ធរអនុគណស្រុក និងជាព្រះចៅអធិការវត្តប្រើមាស រួមជាមួយនឹងពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយ ក្នុងនោះក៏មានជំនួយរបស់សាសនចក្រ​គ្រិស្ត​បរិស័ទ​ថ្ងៃ​ចុងក្រោយផងដែរ។ ឯកឧត្ដម​បាន​បន្ត​ថា​ ការចូលរួមរបស់ព្រះសង្ឃ និងសប្បុរសជនទាំងនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមអភិវឌ្ឍសង្គមជាតិ របស់យើង ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទ្ទេសដ៏ឆ្នើម​ ៕