ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសាលាវិស័យលើកឡើងថា កត្តាសន្តិភាព សាមគ្គីភាព នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ

0

(កំពង់ធំ)៖ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសាលាវិស័យលើកឡើងថា កត្តាសន្តិភាព សាមគ្គីភាព នាំមកនូវការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយកម្រ និងបន្តការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន នាយកនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន និងបន្តគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។

ការលើកឡើងដូចនេះ ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសាលាវិស័យ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានគណកម្មាធិការគណបក្សស្រុក លោក ជិន ហ៊ីន មេឃុំសាលាវិស័យ និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ រួមទាំងសមាជិកសមាជិកា ប្រជាពលរដ្ឋប្រមាណជិត៤០០នាក់។

ឱកាសនោះដែរ លោក តុប កក្កដា បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្លែងអំណរគុណដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញ បន្តបេសកកម្មកសាងប្រទេសជាតិកាន់តែជឿនលឿនទៅមុខជាលំដាប់។

ជាមួយគ្នានេះ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងការពារដល់សុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋាន ពិសេសនៅតែបន្ត អនុវត្តនូវបទបញ្ជា និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាន នូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានបញ្ជាក់ឲ្យដឹងថា អគារខាងលើនេះមានទំហំ២០ម៉ែត្រ ×១២ម៉ែត្រ មានបន្ទប់០៤ សាលប្រជុំ០១ កម្ពស់ស្មើនិងថ្នល់ ខឿនក្រោម១,២ម៉ែត្រ ២៥ស្លាបជញ្ជាំង ៤,៤ម៉ែត្រ មានបង្គន់អនាម័យ០៤បន្ទប់ ផ្ទះបាយ០១ របងជុំវិញ ចាក់សាប ធ្វើខ្លោងទ្វា។ និងខិតខំកសាងអគាររបស់គណបក្ស ឲ្យបានរួចក្នុងខែមិថុនា ខាងមុខនេះ។

លោក ជិន ហ៊ីន បន្តទៀតថា ថវិការទាំងនេះបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋឃុំសាលាវិស័យ ថនិការគណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំ ជាពិសេសថវិការក្រុមការងារចុះជួយមូលដ្ឋាន អាជីវករ និង សប្បុរសជន ក្រុមហ៊ុន អង្គការ ធានាគារនានាផងដែរ។ ក្នុងនោះលោក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី បន្តចូលរួមឧបត្ថម្ភគាំទ្រ ជាថវិការនិងសម្ភារៈដើម្បីសាងសង់ទីស្នាក់ការគណបក្សមូលដ្ឋានឃុំសាលាវិស័យទាំងអស់គ្នាដើម្បីជាការរួមចំណែកចូលរួមគាំទ្រជាមួយគណបក្សប្រជាជនកម្ពុជាឲ្យមានទីកន្លែងប្រជុំ ដើម្បីបំពេញភារកិច្ចការងារផងដែរនោះ។