ខេត្តបាត់ដំបង ÷ មន្ត្រីនគរបាលចរាចរមួយរូប ដែលមានឋាន:ជាវរសេនីយ៍ទោ និងមានតួនាទីជានាយរងការិយាល័យចរាចរផ្លូវគោក ខេត្តបាត់ដំបង កំពុងត្រូវបានស្ត្រីម្នាក់ដាក់ពាក្យប្តឹងទៅតុលាការ និងទៅអង្គការលីកាដូ ដើម្បីអោយច្បាប់ជួយរកយុត្តិធ៌ម បន្ទាប់រាងកាយនាងត្រូវបានមន្ត្រីនគរបាលខាងលើ ធ្វើសកម្មភាពវាយសង្កត់.កនិងបោចសក់ ស្ទើរដាច់ដង្ហើមនៅកណ្តាលទីសាធារណ: ។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះឈ្មោះ អុិត ចន្ទ្រា អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង បាននិយាយថា កន្លងមករូបនាង និងជនបងឈ្មោះ ហេង ពិសិដ្ឋ ដែលមានឋាន:ជាវរសេនីយ៍ទោ និងជានាយរងការិយាល័យចរាចរផ្លូវគោក ធ្លាប់ជាមនុស្សរាប់អានគ្នា តាំងពីអំឡុងឆ្នាំ២០២០ រហូតមានការទុកចិត្តគ្នាទៅវិញទៅមក ។
ស្ត្រីរងគ្រោះបានបន្តថា មានពេលមួយដោយសារការទុកចិត្តខ្លាំងពេក ដែលនាងហ៊ានប្រគល់លុយរាប់ពាន់ដុល្លារដើម្បីអោយទៅទិញដីមួយកន្លែង ទៅតាមការញុះញង់ប្រកបដោយល្បិចកល និងហ៊ានអោយបុគ្គលនេះខ្ចីរាប់មុឺនដុល្លារថែមទៀត ដោយនាងគិតថា គេជាមនុស្សមួយអាចទុកចិត្តបាន។
ប៉ុន្តែក្រោយមកទើបនាងដឹងថា បុគ្គលរូបនេះ គឺជាមនុស្សក្រឈើ ធ្វើគុណបានទោសទៅវិញ ព្រោះដីមួយកន្លែងដែលគេទៅទិញមានតម្លៃតែ ៤.១០០ ដុល្លារសោះ តែគេមកប្រាប់ថា មានតម្លៃ ៧.០០០ ដុល្លារ ដោយសារបញ្ហានេះហើយទើបធ្វើអោយនាងដកទំនុកចិត្តទាំងអស់។
ជុំវិញបញ្ហានេះ ទើបមានការណាត់សុំជួបគ្នាដើម្បីដោះស្រាយរឿងលុយកាក់ដែលទីតាំងជួបគឺនៅក្នុងហាងកាហ្វេ វៀតណាមមួយកន្លែង នៅខាងក្រោយបុរីថ្មី (អតីត គុកចាស់) នាថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ ដែលនៅទីនោះ គឺមានការតឹងសសៃ.កដាក់គ្នាជុំវិញរឿងលុយកាក់ដែលកិបកេងផង និងលុយដែលជំពាក់ផង ដែលនៅពេលនោះដែរ គឺជាពេលថ្ងៃត្រង់ ដោយមានមនុស្សម្នាទៅផឹកកាហ្វេ ប្រហែលជិត១០នាក់ ។
ស្ថិតក្នុងសភាពតានតឹង នាងបានងើបឡើង ហើយយកពែងតែជះទៅលើមុខរបស់ជនបង្ក រួចក៏ដើរចេញពីហាង កាហ្វេដើម្បីបញ្ចប់បញ្ហា ផ្ទុយទៅវិញ បុគ្គលរូបនេះបានស្ទុះមកតាមហើយចាប់នាងផ្តួលទៅលើដី ដោយដៃម្ខាងបោចសក់យ៉ាងពេញទំហឹង ដៃម្ខាងទៀតច្របាច់.ក រីឯជង្គង់គេយកមកសង្កត់លើ.កគឺមិនអាចស្រែករួចឡើយ គឺពេលនោះរូបនាងស្ទើរដាច់ខ្យល់ស្លាប់ ទម្រាំស្ត្រីម្ចាស់ហាងចេញមកស្រែអោយលែង ប៉ុន្តែរាល់សម្លេងទាំងអស់ដែលសម្លុតនាង សម្លេងម្ចាស់ហាង និងសម្លេងខ្លួននាងដែលស្រែកខ្សាវៗ បានជាប់នៅក្នុងខ្សែអាត់សម្លេងទាំងអស់ ព្រោះចាប់តាំងពីដើរចូលទៅកាន់ហាងកាហ្វេ គឺនាងបានបើកទូរស័ព្ទថតរួចជាស្រេច។
ភ្លាមៗនោះដែរនាងក៏បានទៅមន្ទីរពេទ្យ ហួតសុគុណ ដើម្បីពិនិត្យ លើផ្នែកឆ្អឹង.ក និងព្យាបាលផងដែរ។
នៅថ្ងៃទី៣០ ខែ ឆ្នាំដដែល ស្ត្រីរងគ្រោះបានចូលទៅដាក់ពាក្យប្តឹងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយនៅពេលនោះដែរ ខាងការិយាល័យ បានកោះហៅជនបង្ក អោយមកសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ដោយនៅក្នុងពាក្យបណ្តឹង ស្ត្រីរងគ្រោះ បានទាមទាសំណងចំនួន ២លានរៀល ទុកជាការព្រមាន និងអោយសាមុីខ្លួនសរសេរលិខិតសុំទោសមួយច្បាប់ដើម្បីតម្កល់ទុកនៅការិយាល័យ ប៉ុន្តែលើ២ចំណុចនេះ ជនបង្កមិនព្រមធ្វើតាមជាដាច់ខាត ទើបនាងសម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការ និងបានប្តឹងចូលទៅអង្គការលីកាដូ ផងដែរដើម្បីអោយស្ថាប័នទាំង២ជួយរកយុត្តិធ៌មអោយខ្លួន។
ស្របពឹលជាមួយគ្នានោះដែរ ស្ត្រីរងគ្រោះ បានរៀបរាប់ដំណើររឿងអោយលោកឧត្តមសេនីយ៍ សាត គឹមសាន ស្នងការនគរបាលខេត្ត ដើម្បីជ្រាប នៅពេលនោះដែរលោកបានតបជាមួយស្ត្រីរងគ្រោះថា “ចាំលោកប្រាប់អោយការិយាល័យបុគ្គលិក បង្វែសំណុំរឿង ទៅការិយាល័យព្រហ្មទណ្ឌវិញ ដើម្បីរៀបចំបញ្ជូនទៅតុលាការ” ។
ជួបជាមួយសារព័ត៌មានក្នុងស្រុក តាមរយ:ទូរស័ព្ទ លោកវរសេនីយ៍ទោ ហេង ពិសិដ្ឋ បានធ្វើការបដិសេធន៍ ដោយលោកទទួលស្គាល់ថា លោកគ្រាន់តែសង្កត់ និងបោចសក់តែប៉ុណ្ណោះ ទើបធ្វើអោយសក់ស្ត្រីរងគ្រោះដាច់មកទាំងដុំបែបនេះ ។ បច្ចុប្បន្នក៏មានប្រភពជាច្រើនរង់ចាំមើលថា តើច្បាប់អាចមានវិធានការបែបណាដែរ ទៅលើមន្ត្រីនគរបាលដែលប្រើហឹង្សាទៅលើស្ត្រីទន់ខ្សោយរូបនេះ? ៕ អត្ថបទ÷ ព្រាប.ស







































