លិចទូកកណ្ដាលទន្លេមេគង្គ នៅខេត្តក្រចេះ កម្លាំងសមត្ថកិច្ចសង្គ្រោះបាន៤នាក់ និងនៅបាត់ខ្លួនមនុស្សម្នាក់ !

0

ខេត្តក្រចេះ : ទូកមួយគ្រឿងបានរងការលិច នៅកណ្ដាលទន្លេមេគង្គ កាលពីម៉ោង ៤ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលឲ្យជនរងគ្រោះម្នាក់បាត់ខ្លួន រហូតមកដល់ពេលនេះ រកមិនទាន់ឃើញនៅឡើយ ខណៈជនរងគ្រោះ៤នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

យោងតាមរបាយការណ៍នគរបាល បានបញ្ជាក់ថា ជនរងគ្រោះ៥នាក់ បានធ្វើដំណើរតាមទូក ដោយចេញពីឃុំកោះច្រែង ទៅស្រុកព្រែកប្រសព្វ ដើម្បីទិញដែក ពេលត្រឡប់មកដល់ ឃុំកោះច្រែងវិញ ទន្លេមានខ្យល់បក់ខ្លាំង នាំឲ្យមានរលកធំៗ បណ្តាលឲ្យទូកនោះលិចនៅកណ្តាលទន្លេ ប៉ុន្តែភ្លាមៗជនរងគ្រោះ ៤នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល ខណៈជនរងគ្រោះម្នាក់ទៀត រកមិនទាន់ឃើញនៅឡើយ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលកំពុងបាត់ខ្លួននោះ ឈ្មោះ លន់ ខេមរា ភេទប្រុស អាយុ១៧ឆ្នាំ ខណៈនេះ សមត្តកិច្ចកំពុងបន្តរុករកនៅឡើយ៕