អ្នកតំណាងរាស្ត្រសំណេះសំណាលជាមួយតណបក្សឃុំ សាខាបក្សភូមិ សកម្មជនយុវជនឃុំ ភូមិ ទាំង១៣ឃុំនៃស្រុកមង្គលបូរី

0

បន្ទាយមានជ័យ៖ ឯកឧត្ដម គោស៊ុំ សារឿត ជួបសំណេះសំណាលជាមួយតណបក្សឃុំ សាខាបក្សភូមិ សកម្មជនយុវជនឃុំ ភូមិ ទាំង១៣ឃុំ នៃស្រុកមង្គលបូរី ពិធីធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុុជាឃុំឬស្សីក្រោកនាថ្ងៃទី០៧ខែមេសាឆ្នាំ២០២៣ ។

លោក រ័ត្ន ដាស៊ីណង់ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរី
បានអោយដឹងពីលទ្ធផល ស្នាដៃដែលសម្រេចបាននិងការងារគ្រប់គ្រងគណបក្សមានដូចជា : ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារកសិកម្មពិសេសលើដំណាំស្រូវ បន្លែ ការងារអភិវឌ្ឍន៍ដែលប្រើប្រាសកញ្ចប់ថវិកាមូលនិធិរបស់ខ្លួននៃរដ្ឋបាលស្រុក ព្រមទាំងមានការចូលរួមថវិការបស់ក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត មន្ទីរជំនាញ ក្រុមការងារចុះមូលដ្ឋានស្រុក និងដៃគូរអភិវឌ្ឍន៍នានា ធ្វើឱ្យទីប្រជុំជន និងនៅមូលដ្ឋានកាន់តែមានភាពល្អប្រសើរ។
ក្នុងនោះដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារា សាស្ត្រ ប្រព័ន្ធលូរំដោះទឹកទីប្រជុំជន ការតភ្ជាប់បណ្តាញអគ្គិសនី ទឹកស្អាត ព្រមទាំងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ។

លោករ៍ត្ន ដាស៊ីណងបន្តថា : សម្រាប់ឆ្នាំ២០២៣នេះ ស្រុកទទួលបានគម្រោងថ្មី គឺស្តារអូរចំណុចអូរញរ ឃុំភ្នំតូច ដែលអនុវត្ត ដោយក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសំណង់ស្ទាក់ទឹក និងបង្ហើរ ២ទីតាំងក្នុងស្ទឹងមង្គលបូរី ចំណុចក្នុងឃុំគយម៉ង។
ក្រៅពីសមិទ្ធផលទាំងអស់ខាងលើនេះ យើងនៅមានគម្រោងដែលគាំទ្រពីអង្គការសង្គមស៊ីវិល មន្ទីរអង្គភាព មូលនិធិស្រុក ឃុំ ដែលបាន និងកំពុងដំណើរការយ៉ាងសស្រាក់សស្រី ហើយសមិទ្ធផលទាំងនេះ។
វាពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការទប់ស្កាត់បាននូវគ្រោះរាំងស្ងួត និងកាត់បន្ថយផលប៉ះពាល់នូវគ្រោះមហន្តរាយទឹកជំនន់នាពេលកន្លងមក និងនៅពេលអនាគតផងដែរ។

លោកបានបន្តថា :ចំពោះ ការងារគ្រប់គ្រងគណបក្ស : គណៈកម្មាធិការគណបក្សស្រុក បានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការ ការណែនាំ និងការ ចង្អុលបង្ហាញពីគណបក្ស ដើម្បីឈានឆ្ពោះទៅសម្រេចបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ តាមរយៈការធ្វើបច្ចុប្បន្នភាព ការគ្រប់គ្រង និងកសាងសមាជិកបក្សបន្ថែម ជាអាទិ៍រួមមានៈ ស្ថិតិសមាជិកគណបក្សស្រុកមង្គលបូរី មានប្រជាពលរដ្ឋសរុបចំនួន ១៧២,៨៣២នាក់ ។
ក្នុងនោះ អាយុ ១៨ឆ្នាំឡើងចំនួន ១១៣.២១៦នាក់ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត ចំនួន ៨១.០១០នាក់(៧១,៥៥%)។ជាមួយនេះដែរ ការងារគ្រប់គ្រងគណបក្សរួមមានៈ១.ចំនួនសមាជិកបក្សក្នុងប្រព័ន្ធServerសរុប ៥៨.៣៩១នាក់ យុវជន ១៩.៨០៤នាក់ ២.សមាជិកបក្សមានអត្តសញ្ញាណប័ណ្ណ ៥៤.៨៦៦នាក់ ៣.សមាជិកបក្សមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ២.៦១០នាក់.។ ៤.សមាជិកបក្សមានឯ.ក ៩១៥នាក់។
៥.សមាជិកបក្សចំណាកស្រុកចំនួន ៩.៨០១នាក់ ក្នុងនោះយុវជន ៥.៥៥៨នាក់ ៦.សមាជិកមានមុខជាក់ស្តែងសរុប ៤៨.៥៩០នាក់ ក្នុងនោះយុវជន ១៤.២៤៦នាក់ ។បានផ្តល់ប័ណ្ណសមាជិកបក្សសរុបចំនួន ៥៥.០៤៧ប័ណ្ណ ។

លោកលី សារី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកមង្គលបូរី បានជម្រុញអោយក្រុមការងារចុះជួយនិងគណបក្សមូលដ្ឋានបន្តខិតខំផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងសមិទ្ធផលរបស់គណបក្សសម្រេចបាន និងវាយបកចំពោះឧបាយកលរបស់គណបក្សប្រឆាំង និងពួកអគតិនៅតាមបណ្ដាព័ត៌មានសង្គម (Facebook) រៀបចំ និងយកចិត្តទុកដាក់ពង្រឹងភ្នាក់ងារសង្កេតការណ៍គណបក្ស គ្រប់ឃុំ សម្រាប់ការ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឱ្យបានគ្រប់ការិយាល័យ និងមានចំណេះជំនាញគ្រប់គ្រាន់ ។

ឯកឧត្ដម គោស៊ុំ សារឿត អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ-អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះមូលដ្ឋានខេត្តបន្ទាយមានជ័យបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងារបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីគណបក្សគ្រប់ថ្នាក់នៃក្រុមការងារចុះជួយនិងគណបក្សមូលដ្ឋានស្របតាមគោលនយោបាយ ការដឹកនាំ ណែនាំនិងផែនការរបស់គណបក្ស។

ឯកឧត្ដម គោស៊ុំ សារឿត អោយបន្តខិតខំ ក្នុងនោះ ត្រូវបន្តលើការងារត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណរបស់សមាជិកបក្ស និងណែនាំឲ្យគាត់ថែរក្សាឲ្យបានល្អជាប្រចាំ ។
ក្នុងនោះ មានផែនការសម្រាប់អនុវត្តបន្តរបស់គណបក្ស បន្តផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា បញ្ចូលឈ្មោះសមាជិកបក្សតាមប្រព័ន្ធServer ជាប្រចាំ បន្តចិញ្ចឹមចលនា ពង្រឹងសមាជិកចាស់ ពង្រីកសមាជិកថ្មី និងចលនាមហាជន ក្តាប់សតិអារម្ម របស់ប្រជាពលរដ្ឋ និងជម្រុញសកម្មជនគណបក្សប្រជាជនកម្ពុជាធ្វើការងារសង្គម និងមនុធម៌នៅមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមទាន់ពេលវេលា ៕ដោយ៖ឃិន គន្ធា