(កំពង់ធំ)÷ (ពាក្យចាស់ពោលថា មនុស្សកុំឲ្យមើលងាយមនុស្ស) ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កំពង់ធំ បានអញ្ជើញប្រគល់ប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមរណ:ភាព។
ឆ្លៀតក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន បានសំណេះសំណាលសាកសួរសុខទុក្ខ ពីសុខុម៉ាលភាព ការប្រកបមុខរបរចិញ្ចឹមជិវិត ការរស់នៅជាប្រចាំថ្ងៃរបស់បងប្អូនសមាជិក និងគ្រួសារសមាជិក ដែលរយៈពេលកន្លងទៅបងប្អូនបានចូលរួមចំណែកបម្រើការងារ ក្នុងជួរកងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារ រក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រហូតទទួលបានសន្តិភាព យ៉ាងពេញលេញ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានបន្តទៀតថាជារៀងដរាបថ្នាក់ដឹកនាំ តែងតែលើកទឹកចិត្ត គិតគូរអំពីគុណបំណាច់ ពលិកម្ម ឆន្ទ: ស្មោះត្រង់ របស់បងប្អូនបន្ដបន្ទាប់ ត្រូវប្រកបមុខរបរបន្ថែម ដូចជា ចិញ្ចឹមសត្វ ដាំដំណាំ បន្លែ ដើម្បីជួយសម្រាលការចំណាយដោះស្រាយក្នុងជីវភាពជាប្រចាំថ្ងៃ ។
លោកស្នងការនគរបាលខេត្តកំពង់ធំ បានស្នើដល់លោកលោកស្រី ត្រូវស្រឡាញ់សន្តិភាព ការពារសន្តិភាព ចូលរួមគោរពអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល សំដៅរក្សាបានភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ប្រសិនបើបងប្អូនជួបទុក្ខកង្វល់ បញ្ហាប្រឈម សូមបងប្អូន ទំនាក់ទំនងមកថ្នាក់ដឹកនាំនៃអង្គភាព ដើម្បីជួយអន្តរាគមន៍ ដោះស្រាយជូនបានទាន់ពេលវេលា មិនបោះបង់ចោលបងប្អូន ក្នុងគ្រាលំបាកនោះឡើយ ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានជូនពរជ័យ ដល់បងប្អូនសមាជិក គ្រួសារសមាជិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣ សូមទទួលបានសុភមង្គល សេចក្តីសុខសប្បាយត្រជាក់ជុំ ចំរ៉ុងចំរើនគ្រប់ក្រុមគ្រួសារ។
គួរបញ្ជាក់ផងដែរថា សម្រាប់ស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៦៣នាក់ ដែលមានថវិកាចំនួន៥៣៧,៦៦០,០០០រៀល និងមន្ត្រីមរណៈភាពចំនួន០៩នាក់ ដែលមានថវិកាចំនួន១៧៦,១៣០,០០០រៀល ចំណាយទឹកប្រាក់សរុប ៧១៣,៧៩០,០០០រៀល ។









































