(ខេត្តបាត់ដំបង)៖ ប្រជាជនរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានស្នើសុំ ដល់អាជ្ញាធរមូលដ្ឋាន ក៍ដូចសមត្ថកិច្ចពាក់ព័ន្ធ តាមរយៈអ្នកសារព័ត៌មាន ជួយចុះពិនិត្យមើលទីតាំងក្លឹបកម្សាន្តពិភពថ្មីKTV ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ដែលបង្កការរំខាន(សំលេង) ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកនាពេលរាត្រី ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញក្លឹបកម្សាន្តពិភពថ្មីKTV បានឲ្យដឹងថា៖ ក្លឹបកម្សាន្ដនេះ ចាប់ផ្ដើមពីម៉ោង ៧ ឬ ៨ យប់ រហូតដល់ម៉ោង ៤ ទៀបភ្លឺ ជារៀងរាល់រាត្រី ដែលរំខានយ៉ាងខ្លាំងដល់ការរស់នៅ របស់ពួកគាត់ ដែលជាប្រជាពលរដ្ឋ រស់នៅជុំវិញក្លឹបកម្សាន្តនោះ។ប្រភពព័ត៌មាន បានបន្តថា៖ ពួកគាត់ ជាទូទៅមានការនឿយហត់ ព្រោះតែការងារនៅពេលថ្ងៃ ហើយត្រូវការសំរាក នៅពេលយប់ ឱ្យស្ងប់ស្ងាត់ ប៉ុន្តែត្រូវបានរំខាន ពីសំលេង ដែលចេញពីក្លឹបកម្សាន្តនោះទៅវិញ។ ជាញឹកញាប់ សំឡេងខ្លាំងៗ បានធ្វើឱ្យ ពួកគាត់ទាំងអស់គ្នា ភ្ញាក់ពីដំណេក ទាំងកណ្ដាលអធ្រាត ដោយបេះដូងញ័រ រន្ធត់ស្លុតយ៉ាងខ្លាំង ដោយសារសំឡេងហ៊ោកញ្ជ្រៀវ ពីបុគ្គលិកឬភ្ញៀវ ដែលចូលលេងនៅទីនោះ។ប្រភពព័ត៌មាន បានបន្តទៀតថា៖ ពួកគាត់នៅជាប់ទីតាំងក្លឹបកម្សាន្តពិភពថ្មីKTV មិនតិចជាង២០គ្រួសារនោះទេ
ដែលទទួលផល ពីការរំខាន ជាសំលេង ហើយគ្រួសារខ្លះ មានកូនតូចៗ បានសម្រាក់មួយភ្លេតៗ ក៍ភ្ញាក់ឡើងវិញ ព្រោះតែសំលេងរំខាន។ពួកគាត់ ក៍បានបញ្ជាក់ដែរថា៖ ទីតាំងក្លឹបកម្សាន្តខាងលើនេះ ហាក់ដូចជាធ្វើខ្វះស្តងដារ ព្រោះសំលេងលឺចេញមកខាងក្រៅឲ្យទ្រហឹងតែម្តង។ជាមួយគ្នានេះ ពួកគាត់ ក៍បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ក៍ដូចជាមេប៉ុស្ត័ និងលោកអធិការនគរបាលស្រុកកំរៀង មេត្តាជួយចុះពិនិត្យ និងណែនាំម្ចាស់អាជីវកម្ម បើកក្លឹបកម្សាន្តពិភពថ្មីKTV ខាងលើផង ព្រោះវារំខានសំលេង ពេលរាត្រី ខ្លាំងណាស់ បណ្តាលឲ្យពួកគាត់សម្រាក មិនបាននោះទេ។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកសារព័ត៌មានយើង បានទាក់ទងតាមប្រព័ន្ធTelegram ទៅលោកវរសេនីត្រី លាង ម៉េងឡុង មេប៉ុស្ត៍ឃុំបឹងរាំង ស្រុកកំរៀង នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានលោកមេប៉ុស្ត៍ ចូលមើលហើយ តែមិនឆ្លើយតបមកអ្នកសារព័ត៌មាននោះទេ។
ចំណែកលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ក៍អ្នកសារព័ត៌មានយើង បានទាក់ទងតាមប្រព័ន្ធTelegram ដែរ គឺលោកអធិការមិនតប ឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានយើងដូចគ្នា ។ ហើយចំពោះបញ្ហានេះ អ្នកសារព័ត៌មានយើង សង្ឃឹមថា លោកវរសេនីត្រី លាង ម៉េងឡុង មេប៉ុស្ត៍ឃុំបឹងរាំង ស្រុកកំរៀង និងលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង និងឆ្លើយតប ចំពោះអ្នកសារព័ត៌មានយើង នៅពេលក្រោយ ៕អត្ថបទ សារិទ្ធ







































