កំពង់ធំ៖ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានបំពាក់ឯកសណ្ឋាន ជូនប្រជាការពារនិងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបាននាំយក អំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច គឺគ្មានអំពើលួចឆក់ប្លន់ គ្មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង គ្មានការប្រើអំពើហិង្សាក្នុងគ្រួសារ និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាគីទាំងសងខាងឈ្នះទាំងអស់គ្នា គ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់ និងបានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង់ជារៀងរហូត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពាក់ឯកសណ្ឋានជូនប្រជាការពារ១២នាក់ និងឧបត្ថម្ភអំណោយជូនដល់ប្រជាពលរដ្ឋ ៦គ្រួសារ ដក្នុងមួយគ្រួសារអង្ករ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួនពីរយូរ និងត្រីខកំប៉ុងចំនួនមួយយួរផងដែរ ។
តំណាងអាជ្ញាធរដែនបាន ថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕








































