បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្ដម អ៊ុំ រាត្រីកាលពីល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣ បានជម្រុញអោយលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលទើបចូលកាន់តំណែងបន្តផ្តល់សេវារដ្ឋបាល សេវាសាធារណ:និងការអភិវឌ្ឍន៍ក្រុងនិងមូលដ្ឋានបន្ថែមទៀត អោយស័ក្តិសមនឹងការផ្តល់សេចក្តីជឿទុកចិត្តនិងប្រគល់តួនាទីភារកិច្ចនេះពីក្រសួងមហាផ្ទៃ ។
លោកវ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្តបន្ទាយមានជ័យក្នុងពិធីនាសាលាក្រុងប៉ោយប៉ែតបានអានអនុក្រឹត្យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានតែងតាំងលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល (២០២៣-២០២៧)
ហើយធ្វើពីធីផ្លូវការចូលកាន់តំណែងថ្មីនាថ្ងៃនេះ ។កាលអាណត្តិទី១ លោកចូលកាន់តំណែងកាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០១៩ (២០១៩-២៣) ។
លោកគាត ហ៊ុល បានឡើងចាប់អារម្មណ៍ដោយថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ផ្នែកឯកជន.និងផ្នែកសង្គមស៊ីវិលដែលកន្លងមកមកបានផ្តល់កិច្ចសហការល្អនិងកក់ក្តៅទើបការបំពេញកការងាររបស់លោកបានលទ្ធផលល្អ។
លោកថ្លែងអំណរគុណដល់រដ្ឋបាលក្រុង ខេត្ត ក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ពិសេសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលផ្តល់ជំនឿជាក់ផ្តល់តំណែង តួនាទីភារកិច្ចអាណត្តិទី២ ជូនលោក។
លោកគាត ហ៊ុល បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យជម្រុញអោយលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតអាណត្តិទី២ បន្តខិតខំទ្វេរឡើងក្នុងផ្តល់សេវាសេវារដ្ឋបាល សេវាសាធារណ:ជូនប្រជាពលរដ្ឋក៏ដូចសាធារណជន។
ហើយក៏ខិតខំសហការ សហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ក្រុង សង្កាត់ ភូមិអោយកាន់តែរីកចម្រើន កាន់តែល្អប្រសើរបន្ថែមទៀត ។
សូមបញ្ជាក់ថា នេះជាពិធីលើកដំបូងនៃការប្រកាសចូលកាន់តំណែងអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលនៃអភិបាលក្រុង ប៉ោយប៉ែតក្នុងចំណោមស្រុក ក្រុង៩នៃខេត្ត ។
ចំណែកឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យតាមសំណើរបស់នាយករដ្ឋមន្ត្រី ប្រោសប្រទានតែងតាំងជាអភិបាលខត្តអាណត្តិទី២ ហើយដែរនោះ នឹងធ្វើពិធីប្រកាសចូលកាន់តំណែងនៅចុងខែមេសា ដើមខែឧសភាខាងមុខ ៕ដោយ៖ឃិន គន្ធា








































