សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹក ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញពិនិត្យ សមិទ្ធផល​ និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយ​ ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្រប តាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល អនុវត្តដោយក្រុមហ៊ុន Xwater Technology និងអាចបញ្ចប់ការសាងសង់រយៈពេល ២២ខែ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខក្នុងទឹកប្រាក់ប្រមាណ  ២០លានដុល្លារ។

បច្ចុប្បន្ន ខេត្តព្រះសីហនុមានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វាក់ចំនួន៣ ទីតាំងហើយ ដែលស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិ កម្ម ទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯ ស្ថានីយ៍ ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយប្រព្រឹត្តកម្មនេះបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មាន សំឡេង រំខាន គ្មា​នក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងអ្នករួមចំណែកដល់ការថែរក្សាបរិស្ថាន៕