ចាប់ផ្តើមបើកការដ្ឋានសាងសង់«ចំណត»កំពង់ផែកុងទីន័រនៅខេត្តព្រះសីហនុថ្ងៃនេះក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន

0

ខេត្តព្រះសីហនុ៖ ថ្ងៃទី ១ ឧសភានេះ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនូវ (ចំណត)កំពង់ផែកុង ទីន័រ ក្រោមវត្តមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា។ គម្រោងនេះគ្រោង ចំណាយ ថវិកាដោយឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមរបាយការណ៍ពីក្រសួងសារធារណការ ចំណតផែច្រាំងទំនិញទូទៅមានប្រវែង២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿង ចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/ ១ឆ្នាំ)។គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ចំនួន១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រថ្មី គឺជាការ អភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាព របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការ កើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត។ការសាងសង់នេះ បានចែកចេញជាច្រើនជំហ៊ាន។

ចំណតផែកុងតឺន័រថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យ នាវាកុងតឺន័រមានទម្ងន់ផ្ទុក៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹក  ជញ្ជូននៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែ បន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។គម្រោងនេះនឹងប្រើប្រាស់ រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោង នឹងបញ្ចប់ នៅឆ្នាំ២០២៦។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូន នៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាម៉េរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៦១៧.០០០ TEUs/១ឆ្នាំ។គម្រោងនេះ នឹងប្រើប្រាស់ រយៈពេលសាងសង់៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។គម្រោងកែសម្រួលចំណត ផែ កុងតឺន័រ ពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធ  ក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរ ការ នៃនីតិវិធីលទ្ធកម្មជ្រើសរើស ក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។

គម្រោងទាំងនេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារអាម៉េរិកក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារអាមេរិក។

គំរោងនេះ ត្រូវបានបែងចែកសម្រាប់ គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារអាម៉េរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកា ប្រមាណ ២៤៣លានដុល្លារអាម៉េរិក និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារអាម៉េរិក ៕នាគសមុទ្រ