ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ បានជំរុញដល់សមាជិកសមាជិកាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមាននិមិត្តសញ្ញាទេវតាបាច់ការ

0

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ក្រុមការងារចុះជួយឃុំឈូក តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ជាក្រុមការងារចុះជួយឃុំឈូក និងសមាជិកគណបក្សភូមិបឹងខ្វែក ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋចំនួន១២៥នាក់ ស្ថិតនៅភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣។

លោក ហួយ គឹមលី មេឃុំឈូកបានលើកឡើងពី បញ្ហាផ្លូវដែលធ្វើដំណើររបស់ប្រជាពលរដ្ឋមួយរយៈពេលនេះ មានការលំបាកក្នុងឃុំឈូកទាំងមូល ដូច្នេះដើម្បីឱ្យងាយស្រួលដល់ការធ្វើអំណើររបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក្រុមការងារឃុំឈូកទាំងមូល នឹងរៀបចំជួសជុលស្ថាបនាឱ្យបានល្អ លឿនបំផុត ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតប្រកបដោយសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ក្រុមការងារចុះជួយឃុំឈូក មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបឹងខ្វែកទាំងអស់ប្រសិនបើជាអត្តសញ្ញាណប័ណ្ណដែលបាត់ឬខូច ហួសសុពលភាព សូមផ្ដល់ដំណឹងមកអាជ្ញាធរក្នុងភូមិ ដើម្បីជួយពន្លឿនក្នុងការធ្វើឯកសារសម្រាប់យកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ។ ក្នុងករណីចាំបាច់មួយប្រសិនមានបងប្អូនណាដែលស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សូមផ្ដល់ដំណឹង និងរាយការណ៍មកសមាជិកគណបក្សភូមិ ដើម្បីបញ្ចូលគាត់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ព្រមទាំងលើកទឹកចិត្ត និងផ្ដល់រង្វាន់ដល់គាត់។

ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ក៏បានចូលរួមផ្ដាំផ្ញើដល់ក្រុមការងារគណបក្សភូមិទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់ពួកគាត់ឱ្យយល់កាន់តែច្បាស់ពីរបៀបនៃការបោះឆ្នោត បង្ហាញលេខរៀងនិមិត្តសញ្ញា ទីតាំងការិយាល័យបោះឆ្នោតឱ្យបានត្រឹមត្រូវ និងថ្ងៃដែលត្រូវបោះឆ្នោត ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋចំនួន១៩២នាក់ ក្នុងម្នាក់ៗទទួលបានសារុងមួយ ក្នុងនោះអំណោយរបស់ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណចំនួន ១១០សារុង និងក្រុមការងារចុះជួយភូមិបឹងខ្វែកចំនួន៨២សារុង.៕