លោកឈឹម ច័ន្ទ កុសល ដឹកនាំមន្ត្រីធនាគារជាតិចុះសួរសុខទុក្ខនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន២,០០០គ្រួសារនៅក្នុងស្រុកស្ទោង

0

ខេត្ត​កំពង់ធំ. នៅថ្ងៃទី 26 និងទី 27 ខែមិថុនាឆ្នាំ 2023 លោកឈឹមច័ន្ទ កុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី ព្រមទាំងរដ្ឋបាលស្រុកស្ទោងនិងអាជ្ញាធរមូលដ្ឋានក្នុងស្រុកស្ទោង បានអញ្ជើញសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះចំនួន២,០០០គ្រួសារ។

ជាការនឹករលឹកបង ប្អូន ប្រជាពលរដ្ឋក្នុងឱកាសនេះលោកឈឹម ច័ន្ទកុសល ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកបណ្ឌិតជា ចាន់តូ និងលោកជំទាវខៀវ ស៊ីណា ដែលបានផ្ដាំផ្ញើសុខទុក្ខនិងមានការនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ៗគ្រួសារ ទាំងនេះសឱ្យឃើញពីការយកចិត្តទុកដាក់ដល់សុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមថាការចុះសួរសុខទុក្ខនិងចែកអំណោយជូនបងប្អូននៅក្នុងឱកាសនេះគឺជាការចូលរួមដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយកម្រិតទោះបីជាមានស្ថានភាពតិចតួចក្តី។
លើសពីនេះលោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេដងដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាពិសេសបងប្អូនដែលងាយរងនៅហានិភ័យដើម្បីអាជ្ញាធរមូលដ្ឋានក៏ដូចជារាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយពួកគាត់ឲ្យបានទាន់ពេលវេលា។
លើសពីនេះទៀតលោកឈឹម ច័ន្ទកុសល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋបាលស្រុកស្ទោង ដែលបានដុតដៃ ដុតជើងក្នុងការផ្ដល់សេវាក៏ដូចជាជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក្នុងរយៈកាលកន្លងមកបានទាន់ពេលវេលា ជាពិសេសនៅក្នុងឱកាសដែលសុ្រកស្ទោងបានរងគ្រោះដោយសារគ្រោះទឹកជំនន់កាលពីចុងឆ្នាំ 2022 កន្លងទៅ។
គួរបញ្ជាក់ផងដែរថា អំណោយដែលយកមកចែកជូនបងប្អូននៅក្នុងឱកាសនេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតជា ចាន់តូ ដែលជូនបងប្អូនចំនួន២,០០០គ្រួសារ ហើយក្នុងមួយគ្រួសារៗទទួលបាននូវសារុងមួយនិងថវិកា១០,០០០៛ ផងដែរ។