សំណង់​អគារទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកបាធាយ​ ជាង​២០ម៉ឺន​ដុល្លារ​ ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ

0

កំពង់ចាម​:​ សំណង់​អគារទីស្នាក់ការអនុសាខាកាកបាទក្រហម​កម្ពុជា​ ស្រុកបាធាយ​ ដែល​ចំណាយ​លើ​ការ​សាងសង់​​ជាង​២០ម៉ឺន​ដុល្លារ​ ត្រូវ​បាន​សម្ពោធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ​ នាព្រឹកថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រោម​វត្តមាន​ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម​ និងថ្នាក់​ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​  បានឱ្យដឹងថា​ អគារស្នាក់ការអនុសាខានេះ មានទីតាំងនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។ ដើមឡើយ ជាដីអាករឃុំ ជាប់នឹងថ្នល់ជាតិលេខ៧ មានជម្រៅ ពី ៤ ទៅ ៦ម៉ែត្រ ។ ដោយមើលឃើញ ពីតម្រូវការចាំបាច់ របស់អនុសាខាស្រុកបាធាយ ដែលពុំទាន់មានទីកន្លែងធ្វើការសមរម្យនោះ ខ្ញុំ​បាទ​ក៏បានធ្វើការសម្របសម្រួលកាត់ដីទំហំ ៥.000ម៉ែត្រក្រឡា ហើយរៀបចំចាក់ដីបំពេញ អស់រាប់រយពាន់ម៉ែត្រគីប ចំណាយថវិកាប្រមាណជា ១០ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការចូលរួមវិភាគទាន ពីឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត លោក ផេន សុផល ប្រធានកិត្តិយសអនុសាខាស្រុក និងសប្បុរសជនមួយចំនួន ។ ព្រមជាមួយនោះ ខ្ញុំ​បាទ​ក៏បានរៀបចំដំណើរការសាងសង់អគារធ្វើការ ១ខ្នង ផ្ទាល់ដី ទំហំ ៨ម៉ែត្រ×២៤ម៉ែត្រ មានបន្ទប់ធ្វើការ ២ សាលប្រជុំ១ ដោយឯកឧត្តម បាន ចំណាយថវិកាផ្ទាល់ខ្លួនអស់ ចំនួន ៨ម៉ឺនដុល្លារអាមេរិក ។ ទន្ទឹមគ្នានោះដែរ សាខា ក៏បានផ្តល់ថវិកាបដិភាគ ចំនួន ២៦.៩០៧ដុល្លារអាមេរិកទៀត សម្រាប់សង់ក្លោងទ្វារ និងរបងប្រវែង ៥០ម៉ែត្រ  រួមជាមួយ  បន្ទប់ទឹកដាច់ដោយឡែក ១ខ្នង ២បន្ទប់ ទំហំ ៤,២ម៉ែត្រ គុណនឹង ៦,៣ម៉ែត្រ ។ សំណង់ទាំងនេះ បានសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយចំណាយថវិកា សរុបចំនួន ២០៦.៩០៧ដុល្លារអាមេរិក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​កោតសរសើរ ចំពោះ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ ពិសេស ការខិតខំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា ដែលបានផ្ដួចផ្ដើម និងដឹកនាំកសាងសមិទ្ធិផលថ្មីមួយនេះ ដោយបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនផង និងប្រើប្រាស់ថវិកាបដិភាគ របស់សាខាផង ហើយថែមទាំង បានចលនាកៀរគរមូលនិធិ ពីសប្បុរសជននានា មានដូចជា ឧកញ៉ា ហេង ឡុង និង លោក ផេនសុផល ជាដើម ចូលរួមវិភាគទានក្នុងស្មារតី នៃវប្បធម៌ចែករំលែក ដើម្បី រៀបចំ​ឱ្យ​អនុសាខាស្រុកបាធាយ មានទីតាំង មានកន្លែងធ្វើការត្រឹមត្រូវ ប្រកបដោយ ផាសុកភាព បង្កលទ្ធភាព ឱ្យ​ស្ថាប័ននេះ បំពេញប្រតិបត្តិការមនុស្សធម៌ក្នុងការជួយសង្គ្រោះ និងជួយដោះស្រាយ សម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលត្រូវការជំនួយ ជាចាំបាច់ ៕