(កំពង់ធំ)៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក ឯកឧត្តមយឹម លាត តំណាងរាស្រ្តមណ្ឌលកំពង់ធំ បានថ្លែងទៅកាន់សិស្សឱ្យប្រឹងប្រែងសិក្សារៀនសូត្រ និងស្វែងយល់រាល់មេរៀនដែលគ្រូបានបង្រៀន នោះពួកគេនឹងទទួលជោគជ័យជាមិនខាន។
ឯកឧត្តម យឹម លាត តំណាងរាស្រ្តមណ្ឌលកំពង់ធំ បានថ្លែងដូច្នេះក្នុងពេលរូបលោករួមជាមួយក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក ក្នុងពិធីសំណេះសំណាលជាមួយ សិស្សានុសិស្សថ្នាក់បឋមសិក្សា និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាសាគ្រាម នឹងសាលាបឋមសិក្សាវាលថ្នល់ ស្ថិតនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នងឱកាស ឯកឧត្តម លឹម លាត ជួបជាមួយសិស្សានុសិស្សចំនួន១.៦៣៦ នាក់ លោកគ្រូអ្នកគ្រូ៥៨នាក់ បានជំរុញឱ្យសិស្សានុសិស្សរៀនរៀបកាលវិភាគផ្ទាល់ខ្លួនក្នុងការរំលឹកមេរៀន និងស្វ័យសិក្សានៅផ្ទះ ជាពិសេសជួយធ្វើកិច្ចការឪពុកម្ដាយពេលទំនេរ ដើម្បីឱ្យក្លាយជាកូនល្អ មិត្តល្អសិស្សល្អ និងពលរដ្ឋល្អ
ឯកឧត្តម យឹម លាត បានថ្លែងក្នុងឱកាសនោះថា មានតែប្អូនៗខ្លួនឯងប៉ុណ្ណោះ ជាអ្នកកំណត់ភាពជោគជ័យក្នុងឆាកជីវិតខាងមុខ ដោយឈរលើគោលការណ៍ អ្នកចេះ គឺជោគជ័យ ដែលជាគោលនយោបាយកំណែទម្រង់អប់រំរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះប្អូនៗត្រូវតែប្រឹងប្រែងត្រង់ត្រាប់ស្តាប់គ្រូ ក្រេបយកចំណេះដឹង ចំណេះ ជំនាញ និងបទពិសោធន៍ មិនត្រឹមជួយឲ្យប្អូនប្រលងជាប់នោះទេ តែវាជាប្រទីបបំភ្លឺផ្លូវប្អូនៗពេញមួយជីវិតផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តម យឹម លាត ក៏បាននាំយកនូវសម្ភារសិក្សាចំនួន១.៦៣៦ឈុត ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាសាគ្រាម និងសាលាវាលវាលថ្នល់ចំនួន១.៦៣៦នាក់ ក្នុង១នាក់ទទួលបាន១ឈុត៕