រាជរដ្ឋាភិបាលប្រគល់ផ្លូវលំមួយខ្សែទៀតជូនពលរដ្ឋនៅតំបន់ភ្នំវល្លិ៍

0

ខេត្តកែប: ផ្លូវលំមួយខ្សែប្រវែងសរុប ១,២៥០ម ត្រូវបានស្ថាបនា និងសម្ពោធដាក់អោយប្រើប្រាស់រួចរាល់នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ដោយផ្លូវមួយខ្សែនេះជាចំណងដៃថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនពលរដ្ឋដែលរស់ក្នុងតំបន់ភ្នំវល្លិ៍នៃស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក ឆាង ឆៃ អភិបាលនៃគណ:អភិបាលស្រុកដំណាក់ចង្អើរ បានអោយដឹងថា ផ្លូវលំគ្រួសក្រហមប្រវែង១,២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ បានប្រើប្រាស់ មូលនិធិស្រុកឆ្នាំ២០២២ សរុបថវិកាអស់ចំនួន៣០១.៥៥៨.៦០០រៀល (បីរយមួយលានប្រាំរយហាសិបប្រាំបីពាន់ប្រាំមួយរយរៀល) ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នេះជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាពិសេសសម្ដេចបានគ្រប់គ្រងស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា ឱ្យមានភាពធូរស្បើយ និងបានខិតខំស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩មកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជាមានភាពធូរស្បើយច្រើន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍទើបយើងទាំងអស់គ្នា ទទួលបានផ្លូវលំនេះ ដែលជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលច្រើនទៀត ក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ហើយផ្លូវនេះគឺមានសារៈសំខាន់ណាស់បម្រើវិស័យដល់សេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ រួមចំណែកកាត់បន្ថយភាពក្រីក្រ បានកាន់តែឆាប់រហ័សផងដែរ។

នាឱកាសនោះ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន និងចូលរួមបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខនេះអោយបានគ្រប់ៗគ្នា៕ សេង ណារិទ្ធ